ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាត ថ្មីមួយទៀតនៅសណ្តស្ទឹងព្រែកត្នោត

    BY Khmernote Media November 18, 2021
    ឯកឧត្តម ឃួង ស្រេង ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាត ថ្មីមួយទៀតនៅសណ្តស្ទឹងព្រែកត្នោត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនៅសណ្តស្ទឹងព្រែក ត្នោត ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ មិនទាន់គ្រប់គ្រាន់នៅឡើយនោះ។

    ការស្នើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែលឯកឧត្តមអនុញ្ញាតឱ្យ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលសម្តែងការសួរសម និងជំរាបរាយការណ៍ ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ខ្ញុំមិនមែនជាជំនាញពាក់ព័ន្ធ នឹងការងារ ផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះគឺ ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀតនៅសណ្តស្ទឹងព្រែកត្នោត ពោលគឺយក ទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌចំនួន៣ គឺខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណ ជាង៦០ម៉ឺននាក់ បាន និងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើន មកជួលផ្ទះគេស្នាក់នៅ។ ក្នុងនាមជាអាជ្ញាធរយើង ត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។

    ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវដើម្បីដាក់បំពង់ទុយោទឹកស្អាត ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យជំនាញពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវធ្វើការជួសជុលឡើងវិញ ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់។

    ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានទទួល អំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នូវអង្ករចំនួន២០តោន អាល់កុល២០កាន និងម៉ាសចំនួន២០០០០ម៉ាស ដើម្បីយកទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលកំពុងជួប ការលំបាកផ្នែកជីវភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: