ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ក្នុងរដូវរងារ ជាពិសេសហានិភ័យនានាដែលអាចកើតឡើង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់មនុស្សចាស់ ក្នុងខណៈដែលរដូវភ្លៀងជិតបញ្ចប់ ជំនួសទៅដោយរដូវរំហើយមកដល់នាពេលខាងមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវរងារ ជាពិសេសយកចិត្តទុកដាក់ចំពោះហានិភ័យនានា ដែលអាចកើតឡើងសម្រាប់មនុស្សចាស់ ក្នុងដំណាក់កាលប្រទេសរបស់យើងពុំទាន់បានបញ្ចប់នូវកូវីដ-១៩នោះ។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីប សំពះព្រះខែ ក៏បានបញ្ជាក់ឱ្យយើងបានដឹងអំពីធាតុអាកាសប្រែប្រួល ដែលរដូវភ្លៀងនឹងត្រូវបញ្ចប់ ជំនួសទៅដោយរដូវរំហើយដែលជារដូរងារ។ សម្ដេចតេជោបន្តថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេសរបស់យើង ពិតមែនតែមានការថមថយ ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នូវឡើយទេ។ ដូច្នេះបើទោះបីជាមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍នៃប្រទេសមួយចំនួន នៅពេលដែលរដូវត្រជាក់បានចាប់ផ្ដើម ជំងឺឆ្លងតែងកើតមាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារសុខភាព នៅក្នុងពេលដែលមានភាពត្រជាក់កើតឡើង ជាពិសេសសម្ដេចបានអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសទៅលើមនុស្សចាស់ ដែលក្រុមគ្រួសារនីមួយៗ ដែលមានជីដូនជីតា ឪពុកម្ដាយចាស់ៗ សូមយកចិត្តទុកដាក់ជាពិសេសផ្គត់ផ្គង់សម្រាប់ពួកគាត់ ថែទាំពួកគាត់ ឱ្យគាត់មានការកក់ក្ដៅតាមរយៈការផ្ដល់ភួយ ផ្ដល់មុង សម្រាប់ក្រុមគ្រួសារទាំងនេះ។ សម្ដេចតេជោគូសបញ្ជាក់ថា «យើងមិនអាចមើលស្រាល ជាមួយនឹងអ្វីដែលបម្រុងនឹងកើតឡើងនោះទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន ក្នុងនោះ សូម្បីតែកងកម្លាំងប្រដាប់អាវុធក៏បានដោះស្រាយចែករួចទៅហើយ នូវអាវរងារសម្រាប់ការពារអាកាសធាតុត្រជាក់ ប៉ុន្តែអ្វីដែលជាការកង្វល់ធំគឺស្ថិតនៅត្រង់មនុស្សចាស់ ដែលពួកគាត់ចាញ់រងារ។ ដូច្នេះហើយខ្ញុំអំពាវនាវចំពោះក្រុមគ្រួសារដែលមានមាតាបិតា ជីដូនជីតា ជាមនុស្សចាស់ យកចិត្តទុកដាក់ទៅលើការថែទាំសុខភាពរបស់ពួកគាត់»។ ទន្ទឹមនេះដែរ សម្ដេចតេជោ ក៏បានអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ត្រូវផ្ដល់នូវសម្ភារចាំបាច់ ជាមុង ភួយ ដើម្បីឱ្យពួកគាត់មានការកក់ក្ដៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់នៅក្នុងដំណាក់កាលនៃរដូវរងានេះ។
ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ដូចជា កាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្កទុកដាក់ ទៅលើអ្នកដែលពុំមានទីពឹងពុំនាក់ ដែលពួគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសគឺកូវីដ-១៩នេះតែម្ដង។ បន្ថែមលើនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះព្រះចៅអធិការវត្តគ្រប់ទីអារ៉ាម សូមព្រះមេត្តាយកចិត្តទុកដាក់ជាមួយនឹងយាយជី តាជី និយាយរួមគឺមនុស្សចាស់ដែលបានទៅសុំសីល និងជ្រកនៅក្រោមទីវត្តអារ៉ាមនានា ដោយយកចិត្តទុកដាក់ជួយពួកគាត់ បង្កលក្ខណៈឱ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ មុង នៅក្នុងគ្រាដ៏លំបាកនេះ។ សម្ដេចតេជោលើកឡើងថា សូម្បីតែព្រះសង្ឃខ្លួនឯងដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែទាំនូវសុខភាពរបស់ព្រះសង្ឃ ដែលមួយចំនួនមានព្រះជន្មចាស់ណាស់ទៅហើយ។ សម្ដេចតេជោគូសបញ្ជាក់ថា រដូវរងារតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសគឺផ្ដាសាយ ហើយភាពផ្ដាសាយនេះ ក្នុងពេលដែលមានកើតជំងឺកូវីដ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដពិតប្រាកដ។ ដូច្នេះស្នើឱ្យប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការការពារសុខភាពនៅក្នុងរយៈពេលនៃរដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង នៅក្នុងដំណាក់កាលនៃប្រទេសរបស់យើងពុំទាន់បានបញ្ចប់នូវកូវីដ-១៩។
ហានិភ័យនូវមានខ្ពស់នូវឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងនឹងអាចឆ្លងកាត់បាននូវក្នុងដំណាក់កាលដែលនឹងមកដល់ក្នុងពេលខ្លីខាងមុខនេះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បន្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅកាន់ទីកន្លែងកម្សាន្តនានា យកចិត្តទុកដាក់ការពារសុខភាព នៅក្នុងដំណាក់កាល នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បើទោះបីជាយើងមិនបានចាត់តាំងប្រមូលផ្ដុំក៏ដោយ សូមឱ្យយកចិត្តទុកដាក់ថែទាំនៅតាមទីកន្លែងនានានូវសុវត្ថិភាព ដែលម្ខាងជាសុវត្ថិភាពទាក់ទងនឹងសន្តិសុខ តែម្ខាងទៀតគឺសុវត្ថិភាពទាក់ទងទៅនឹងជំងឺឆ្លង ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ«៣កុំ – ៣កាពារ» ដើម្បីចៀសវាងនូវការឆ្លង ហើយនឹងត្រូវមានវិធានការគ្រប់គ្រងកូវីដឡើងវិញ ក្នុងពេលដែលយើងទើបនឹងបើកប្រទេសឡើងវិញបានក្នុងរយៈពេលត្រឹមតែ១៨ថ្ងៃតែប៉ុណ្ណោះ។
សម្ដេចតេជោបានថ្លែងនូវការសង្ឃឹមថា« ប្រទេសរបស់យើងនឹងទទួលបាននូវផលប្រយោជន៍ពីការរួមគ្នា ដើម្បីការពារនូវសុខភាពរបស់ប្រជាពលរដ្ឋ»៕

ប្រភព៖ ក្រសួងព័ត៌មាន