អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឲ្យដំណើរការខ្សែទស្សនាថ្មីនៃប្រាសាទបាយ័ន
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្បរា បានសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការខ្សែទស្សនាថ្មីនៃប្រាសាទបាយ័ន ក្នុងអំឡុងពេលនៃការបិទជាន់ទីបីនៃប្រាសាទបាយ័ន(ប្រាង្គកណ្ដាល) ដើម្បីធ្វើការជួសជុល អាជ្ញាធរជាតិអប្បរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មី ដែលរក្សាបាននូវគុណតម្លៃនៃប្រាសាទ កាត់បន្ថយការកកស្ទះ ផ្ដល់់នូវសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រមទាំងបង្កើនគុណភាពនៃការទស្សនា។

តាមរយៈនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបាយ័ននៅជាន់ទីមួយ និងទីពីរ ព្រមទាំងផ្នែកដទៃទៀត ក្រៅពីជាន់ទីបីដោយអនុវត្តតាមខ្សែទស្សនាថ្មីដែលមានបីជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លី (៥៥នាទី) ជម្រើសរយៈពេលមធ្យម (១ម៉ោង ១៥នាទី) និងជម្រើសរយៈពេលវែង (១ម៉ោង ៤៥នាទី) ដោយជម្រើសនីមួយៗអនុញ្ញាតឲ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ដែលពុំធ្លាប់ទស្សនាបានទូលំទូលាយកាលពីពេលមុន ទីតាំងថតរូបប្រាសាទបានស្អាតៗជាដើម។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានាដូចជាជណ្ដើរ រនាំងរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ… ។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ដំណើរការនៃខ្សែទស្សនាផងដែរ។ ក្នុងន័យនេះអាជ្ញាធរជាតិអប្បរានឹងដាក់ឲ្យដំណើរការខ្សែទស្សនាថ្មីនេះ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាណ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ផ្សព្វផ្សាយតាមការគួរ ៕
