ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែធ្នូ កម្ពុជានឹងចុះត្រជាក់ខ្លាំង រហូតដល់ ១៥អង្សាសេនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយ និងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
-សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
-សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
-អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
-សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
-ក្នុងនោះខេត្តមណ្ឌលគិរី, ខេត្តរតនគីរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥°C។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
-សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
-អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology