ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ជុំ កុសល បង្ហោះសារមួយឃ្លាក្រោយឃើញស្នងការរងខេត្តកំពង់ឆ្នាំង គឺលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីបឹងទន្លេសាប ជាង៦០០ហិកតាជូនរដ្ឋវិញ

    BY Khmernote Media December 2, 2021
    ឯកឧត្តម ជុំ កុសល បង្ហោះសារមួយឃ្លាក្រោយឃើញស្នងការរងខេត្តកំពង់ឆ្នាំង គឺលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីបឹងទន្លេសាប ជាង៦០០ហិកតាជូនរដ្ឋវិញ

    កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការបង្ហោះសារមួយឃ្លាជុំវិញការស្ម័គ្រចិត្តរបស់មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ដែលបានប្រគល់ដីជូនរដ្ឋវិញចំនួនជាង៦០០ហិកតា ដែលខ្លួនបានរំលោភបំពានយកពីដីបឹងទន្លេសាប ដែលការបង្ហោះសារគឺហាក់សំដៅទៅលើលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានសារភាពនិងស្ម័គ្រចិត្តប្រគល់ដីជាង៦០០ហិកតាជូនរដ្ឋវិញ។

    ឯកឧត្តម ជុំ កុសល បានរៀបរាប់ថា៖ “ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធបុគ្គលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦០០ហិកតា ។ មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដីរបស់រដ្ឋទេសុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត ។ សួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាមុឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចាត់វិធានការផ្លូវច្បាប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ? ចម្លើយគឺ ៖ « ទេ , គ្មានផ្លូវទេ » បើគាត់ហ៊ានទន្ទ្រានយករួចទៅហើយទោះបីជាដឹងថាដីទាំងនោះជាដីរបស់រដ្ឋក៏ដោយនោះ ។ ការប្រគល់ជូនវិញនេះគឺដោយសារព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោសតែប៉ុណ្ណោះ ។

    និយាយឲ្យស្រួលស្តាប់ មនុស្សនេះបានលួចយកដីរដ្ឋមកគ្រប់គ្រងទាំងបំពានរួចទៅហើយ។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ទោះបីជាមានការស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញក៏ដោយក៏នៅតែមិនរួចខ្លួនទេ គ្រាន់តែមានការបន្ធូរបន្ថយខ្លះតែប៉ុណ្ណោះ។ នេះគឺជាការអនុវត្តអភិក្រមទី ៥ របស់សម្តេចតេជោគឺ ការវះកាត់យកសាច់ស្អុយឬដុំសាច់មហារីកក្នុងខ្លួនចេញឲ្យអស់ ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខ។ បុគ្គលមានតួនាទីជាមន្ត្រី ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូនគឺដើម្បីបម្រើប្រទេសជាតិ និងប្រជាជនបែរជាមិនបានបំពេញត្រឹមត្រូវ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគឺដល់ពេលវេលារបស់ពួកគេហើយ ដើម្បីសម្រាលបន្ទុកបញ្ហាដ៏ច្រើនពីថ្នាក់ដឹកនាំផង។ កន្លងមកបុគ្គលជាមន្ត្រីប្រភេទនេះ បានសាងបញ្ហាច្រើនណាស់ ហើយបញ្ហាទាំងនោះបានជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ ដល់រាជរដ្ឋាភិបាល និងគណបក្សថែមទៀតផង ។

    ក្នុងនាម ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា១រូប ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះចំណាត់ការក្តៅគ្មានការយោគយល់របស់សម្តេចតេជោនាពេលនេះ និងសូមប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់បំផុតចំពោះសម្តេចតេជោក្នុងការដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត ៕”

    Share This Post: