តុលាការសម្រេចឃុំខ្លួនជនសង្ស័យកា-ប់រុករានដីព្រៃលិចទឹក ៧នាក់
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីចំណាយ ពេលធ្វើការសាកសួរ បីថ្ងៃជាប់គ្នាមក តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន ជនសង្ស័យ ៧នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី ០២ខែធ្នូ ពាក់ព័ន្ធនឹងការទន្រ្ទានដីព្រៃលិចទឹកប្រមាណ ៥០ហិកតា។

លោក សូឌី ប្រធានមន្ទីរសន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង៧នាក់ ខាងលើនេះ ត្រូវបានលោក ឆែ វីរៈ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យ ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ ដីព្រៃលិចទឹក និង ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ដាក់ទោសតាមបទប្បញ្ញតិមាត្រា៩៨ ចំណុច១នៃ ច្បាប់ជលផល។
សូមបញ្ជាក់ថាជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាល ពីម៉ោង៦កន្លះព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោង ក្បែរដីព្រៃដែលរុករានប្រមាណ ៥០ហិកតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ទីតាំងដែលឃាត់ខ្លួនស្ថិតនៅតំបន់បី ដោយជនសង្ស័យទាំងនោះបានសារភាពថា ពួកគេបានរុករានធ្វើស្រែចំនួនបីលើកមកហើយ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីជលផលឃាត់ខ្លួន។
ជនសង្ស័យទាំង ៧នាក់ដែលឃាត់ខ្លួននេះរួមមាន៖
១.ឈ្មោះ ប៉ិប ហាក់ អាយុ ៣៦ឆ្នាំ
២.ឈ្មោះងួន គក់ ភេទប្រុស អាយុ ៤១ឆ្នាំ
៣.ឈ្មោះ គង់ បុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ
៤.ឈ្មោះ ងី ថង ភេទប្រុស អាយុ ២០ឆ្នាំ
៥.ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ ៥៤ឆ្នាំ
៦.ឈ្មោះ ប៉ិបផន ភេទប្រុស អាយុ ៣០ឆ្នាំ (អ្នកទាំង ៦នាក់ជាកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ)
និងទី៧.ឈ្មោះ ងួន វណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ កសិកររស់នៅភូមិពេជ្រសង្វា ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ
និងជនសង្ស័យទី៨.ឈ្មោះ ហៃ ឆៃ អាយុ ១៣ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានត្រាក់ទ័រ មួយគ្រឿង គោយន្ត១គ្រឿង កាណូតស្មាច់ ២គ្រឿង និង ម៉ាស៊ីនកាណូតមួយគ្រឿង។
បើតាមរបាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទានដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន ១២២២៥.៨ហិកតា ចំនួន ២៩ទីតាំង។ ក្នុងនោះ ស្រុកមោងឫស្សី មាន ៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន ១១ទីតាំង, ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន ៣០៥៣ហិកតា, ស្រុកថ្មគោលរុករាន ៤ឃុំ ៨៣៥ហិកតា មាន ៨ទីតាំង និង ស្រុកសង្កែរុករាន ៤ឃុំ អស់ ៦១១៤ហិកតា មាន ៦ទីតាំង ៕







ប្រភព៖ ក្រសួងព័ត៌មាន