ពលករខ្មែរប្រមាណ២០០នាក់ត្រូវបញ្ជូនទៅធ្វើការនៅខេត្តចាន់បូរីប្រទេសថៃសាកល្បងដំបូង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីច្រកទ្វារ បានឲ្យដឹងថា ការបញ្ជូនពលករខ្មែរទៅធ្វើការសាកល្បងនៅខេត្តចាន់បូរីប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់ក្នុងរយៈពេល២ ថ្ងៃនៃសប្តាហ៍ទី១ខែនេះ មានប្រហែល ២០០នាក់ហើយ ក្រោយពីមានការស្នើសុំពីភាគីថៃ។

លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកអន្តរជាតិបានឡែម (ហៅច្រកដូង) ស្រុកកំរៀងខេត្តបាត់ដំបង បានឱ្យដឹងនាថ្ងៃទី១៣ ខែធ្នូ នេះថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺ ថៃអនុញ្ញាតឱ្យនាំពលករខ្មែរ ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមច្រកអន្តរជាតិនេះ មួយសប្តាហ៍ ២ថ្ងៃ គឺថ្ងៃអង្គារនិងថ្ងៃពុធ ។ លោកបញ្ជាក់ថាក្នុងសប្តាហ៍ទី១ នាថ្ងៃទី០៨ទៅទី០៩ ធ្នូ មានពលករខ្មែរសរុប ប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅធ្វើការសាកល្បង បើសិនជាការធ្វើការរលូនមិនមានបញ្ហាអ្វី ភាគីថៃនឹងបន្ថែមថ្ងៃដើម្បីបញ្ជូន ពលករខ្មែរទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត។
លោក កឿន សត្យា អភិបាលរងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងថា ការបញ្ជូនពលករខ្មែរទៅធ្វើការសាកល្បង នៅខេត្តចាន់បូរីប្រទេសថៃនេះ ក្រោយពី កិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃកាលដើមខែធ្នូនេះ បើសិនជាដំណើរការបញ្ជូន ពលករខ្មែរទៅធ្វើការមិនមានបញ្ហាអ្វីនោះទេ ខាងភាគីថៃមានគម្រោងទទួលពលករខ្មែរ២ម៉ឺន នាក់ទៅធ្វើការ នៅខេត្តចាន់បូរីនេះ ។
បើតាមលោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកអន្តរជាតិបានឡែម (ច្រកដូង) ឱ្យដឹងបន្ថែមថា ពលករខ្មែរដែលបញ្ជូនទៅធ្វើការនៅខេត្តចាន់បូរីប្រទេសថៃ គឺត្រូវបំពេញលក្ខខណ្ឌមួយចំនួន ហើយឋិតក្រោមការត្រួតពិនិត្យ ពីមន្រ្តីច្រកនិងមន្រ្តីមន្ទីរការងារ ជាដើម និង ត្រូវមានក្រុមហ៊ុននិងថៅកែ មកធានាច្បាស់លាស់ ។បន្ថែមពីនោះ ត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជា មានបណ្ណព្រំដែន ,មានបណ្ណចាក់វ៉ាក់សាំង២ដងយ៉ាងតិច ប័ណ្ណពិនិត្យសុខភាព ដែលបង្ហាញ ពីការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង, ពេលទៅដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និង ធ្វើចត្តាឡីស័ក ១សប្តាហ៍ រួចធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនPCR ម្ដងទៀត ទើបអនុញ្ញាតឱ្យចូលធ្វើការ ៕





ប្រភព៖ ក្រសួងព័ត៌មាន