ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទៀតនៅរាជធានីភ្នំពេញ ត្រៀមប្រគល់ជូនទៅកាន់វិស័យឯកជនវិញនៅចុងខែធ្នូនេះ ឬដើមឆ្នាំក្រោយ

    BY Khmernote Media December 16, 2021
    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទៀតនៅរាជធានីភ្នំពេញ ត្រៀមប្រគល់ជូនទៅកាន់វិស័យឯកជនវិញនៅចុងខែធ្នូនេះ ឬដើមឆ្នាំក្រោយ

    MC ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២ទៀតនៅរាជធានីភ្នំពេញ ត្រៀមប្រគល់ជូនទៅកាន់វិស័យឯកជនវិញ នៅចុងខែធ្នូនេះ ឬដើមឆ្នាំក្រោយ ដោយសារតែការឆ្លងមានការថយចុះជារៀងរាល់ថ្ងៃ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណៈដែលស្ថានភាពឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទាំងអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានការថយចុះជាបន្តបន្ទាប់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២ទៀត ត្រៀមប្រគល់ ជូនទៅកាន់វិស័យឯកជនវិញ ដើម្បីឱ្យពួកគាត់អាចរៀបចំបើកជាកន្លែងជួលសម្រាប់ពិធីមង្គលការ ឬក៏ពិធីផ្សេងៗឡើងវិញ។

    លោកបានបន្តថា មុននឹងប្រគល់ជូនដល់វិស័យឯកជនវិញ កន្លែងទាំងអស់នោះគឺបានរៀបចំនិងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពក្រោយបញ្ចប់ការយកអ្នកជំងឺកូវីដ-១៩មកព្យាបាលជាបន្តទៀត។

    សំឡេង៖ « ពិភពថ្មីសែនសុខ (មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១) ហើយនិងដឺព្រីមៀរ (មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២) ថ្នាក់ដឹកនាំមានប្រសាសន៍ដែរថា ប្រហែលជាអាចនឹងចុងខែធ្នូឆ្នាំ២០២១នេះ ឬក៏ដើមខែមករាឆ្នាំ២០២២ បើសិនជាស្ថានភាពមិនមានការ ប្រែប្រួលទេ យើងនឹងប្រគល់ជូនដល់ឯកជនវិញ»។

    លោកបានបន្តទៀតថា ទោះបីជាករណីឆ្លងនិងករណីស្លាប់ មានការថយចុះក៏ដោយ ក៏ប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នជានិច្ច ព្រោះដើម្បីចៀសផុតពីការឆ្លងមេរោគនេះ ក៏ដូចជាមេរោគបំប្លែងថ្មីផ្សេងៗទៀត ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ទៅតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល ។

    សូមបញ្ជាក់ថា សព្វថ្ងៃរាជធានីភ្នំពេញ មានមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ទាំងអស់ចំនួន១១កន្លែងរួមមាន៖ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ហ្លួងម៉ែ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត,មជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់ស៊ិន, មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ, មន្ទីរពេទ្យព្រះអង្គឌួង, មណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១ (ពិភពថ្មីសែនសុខ),មណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ២ (ដឺព្រីមៀរសែនសុខ), មណ្ឌលព្យាបាលជំងឺកូវីដ-១៩អូឡាំពិក (ពហុកីឡដ្ឋានអូឡាំពិក),មណ្ឌលព្យាបាលជំងឺកូវីដ-១៩ទួលពង្រ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ម៉ូឌែន២៕

    Share This Post: