ក្រសួងអប់រំ នៅតែរក្សាជំហរកែកិច្ចការបេក្ខជនប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ
MC ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ នៅតែរក្សាជំហរដោយមិនមានការកែប្រែ ក្នុងការកែកិច្ចការ បេក្ខជនប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ ទោះបីជាមានការស្នើសុំពីលោកគ្រូ អ្នកគ្រូ ឱ្យមានការកែសន្លឹកកិច្ចការបេក្ខជន នៅតាមខេត្ត រៀងៗខ្លួនក៏ដោយ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់ថា ជាការឆ្លើយតបចំពោះគ្រូបង្រៀនមួយចំនួន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគ្រូៗនៅតាមបណ្តាខេត្ត កែកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅតាម ខេត្តរៀងៗខ្លួន គឺក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សានិងអនុវត្តទៅតាមនីតិវិធី និងបទបញ្ញត្តិរបស់ក្រសួងដែលមានជាធរមាន ដោយមិន មានការកែប្រែឱ្យកែកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះនោះឡើយ។
ឯកឧត្តម បានឱ្យដឹងទៀតថា ដំណើការកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយមាន ចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ តាមមណ្ឌលកំណែសម្រាប់មុខវិជ្ជានីមួយៗ គឺ១. មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ ២. មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជាគណិតវិទ្យា ៣. មណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស ៤. មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជារូបវិទ្យា ៥. មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជាភូមិវិទ្យា ៦. មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ៧. មណ្ឌលកំណែវិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់ មុខវិជ្ជាគីមីវិទ្យា ៨. មណ្ឌលកំណែវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យា ៩. មណ្ឌលកំណែវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក សម្រាប់មុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា និង១០. មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជាជីវវិទ្យា។
សូមបញ្ជាក់ថា ចំពោះការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់មណ្ឌលប្រឡងនៅខេត្តដទៃ៕
