រាជរដ្ឋាភិបាល សម្រេចបន្តផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរសក្ដិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបន្តផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរសក្ដិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លើលិខិតលេខ៨២១៩ សហវ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សឋានន្តរស័ក្ដិនិងថ្នាក់ សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម៖
១.មិនអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាលដែលនឹងអាចមានគោលការណ៍ដោយឡែកផងដែរ។
២.រក្សាកម្រិរបៀវត្សមន្ត្រីរាជការស្មើនឹងឆ្នាំ២០២១ ដដែល ប៉ុន្តែអនុញ្ញាតឲ្យរៀបចំដំឡើងបៀរវត្សតាមឋានន្តរស័ក្ដិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ តែមិនអនុញ្ញាតឲ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ២០២១នោះទេ ៕
