ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

    BY Khmernote Media December 21, 2021
    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ ខណៈបច្ចុប្បន្នទីតំាងនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។

    ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ គឺដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។

    ឯកឧត្តមបានមានប្រសាសន៍លើកឡើងថាការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបនាបានច្រើន ភាគរយហើយ និងបានដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវ លេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មីនៅចំណុច ភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សាមួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនាពេលខាងមុខ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: