ប្រជាពលរដ្ឋចំនួន២៩៣ គ្រួសារនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំងបានប្រគល់ដីព្រៃលិចទឹកមករដ្ឋវិញ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២៩៣គ្រួសារនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំង បានប្រគល់ដីព្រៃលិចទឹកមករដ្ឋវិញ ដើម្បីចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជុំវិញការបញ្ឈប់ការរំលោភបំពាន ដីតំបន់ព្រៃលិចទឹក រុករានកាន់កាប់ដីព្រៃលិចទឹកដោយខុសច្បាប់។

លោក ហៃ មនោរម្យ អភិបាលនៃគណ:អភិបាលស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំងបានមាន ប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដកហូតដីព្រៃលិចទឹកបឹងទន្លេសាបជិត២ពាន់ហិកតាក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តជាប់បឹង ទន្លេសាបដទៃទៀតដែលត្រូវបានប្រជាពលរដ្ឋនិងជនខិល ខូចមួយចំនួនទន្ទ្រានយកដោយខុសច្បាប់។
លោកបន្តថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោអាជ្ញាធរនៃស្រុកជលគិរី ក៏បានបំពេញការងារយ៉ាងម៉ត់ចត់ និងចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នានា ដែលបណ្តាលមកពីកាន់កាប់រានដីព្រៃលិចទឹកនិងការរុករានដីតំបន់អភិរក្សធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជាបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើការណែ នាំដល់អ្នកដែលបានកាប់ទន្រ្ទានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិទាំងអស់ត្រូវចេញមកសារភាពនិងប្រគល់ដីទាំងនោះមករដ្ឋវិញបើពុំដូច្នេះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្ថែមថា បច្ចុប្បន្ននេះដីព្រៃលិចទឹកចំនួន១១៨៥ ហិកតាដែលប្រជាពលរដ្ឋបានរុករានយកដោយខុសច្បាប់នាពេលកន្លងមក ពួកគាត់បានស្ម័គ្រចិត្តប្រគល់ដីនោះមកជូនអាជ្ញាធរស្រុកជលគិរី ដើម្បីរៀបចំកំណត់ទីតាំង និងតម្កល់ជាសម្បត្តិជាតិឡើងវិញ ។
«អ៊ីចឹងមកដល់ពេល នេះក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក បានចុះមកផ្សព្វផ្សាយដល់ប្រជាពល រដ្ឋហើយប្រជាពលរដ្ឋបានឆ្លើយសារភាពហើយប្រគល់ដីមកឱ្យរដ្ឋវិញបានចំនួន ២៩៣ គ្រួសារស្មើនឹងផ្ទៃដី ១១៨៥ ហិកតា ហើយសូមជម្រាបផងដែរថានៅក្នុងជល់គិរីនេះ ដីតំបន់ ៣ ដីព្រៃលិចទឹកគ្រប ដណ្ដប់ភូមិសាស្ត្រស្រុកជលគិរីនេះមានចំនួន៤១៧៦ហិកតា»។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រោយពីទទួលបានដីព្រៃលិចទឹកមកគ្រប់ គ្រងការពារនិងអភិរក្ស អាជ្ញាធរស្រុក ក៏ត្រៀមដាំដើមឈើឡើងវិញ ក្នុងតំបន់ដែលទទួលរងគ្រោះក្នុងការ រុករានទន្រ្ទានកាន់កាប់ដីព្រៃ លិចទឹកដោយខុសច្បាប់នោះដូចជាដើមរាំង ដើមត្នោតនិងដើមឫស្សីដើម្បីបង្កើនជម្រក ត្រីពងក៏ដូចជានិរន្តរភាពចម្រុះផ្សេងៗ។
សូមបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះ មច្ឆជាតិ នៃតំបន់បឹងទន្លេ សាបនាស្រុកជលគិរី គឺជាភាពចាំបាច់និងមិនអាចខ្វះបានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ ពិសេសការអភិរក្សពូជមច្ឆជាតិកម្រ ពិត ជាបានឆ្លុះបញ្ចាំងសម្រាប់ការ សិក្សាស្រាវជ្រាវរបស់មនុស្សជំនាន់ក្រោយ ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ជាតិផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន