ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យគិតគូរអំពីការផ្ដល់វ៉ាក់សាំងប្រភេទ Pfizer ចាក់ដូសទី៤ ដល់អ្នកខ្សែត្រៀមជួរមុខ

    BY Khmernote Media December 23, 2021
    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យគិតគូរអំពីការផ្ដល់វ៉ាក់សាំងប្រភេទ Pfizer ចាក់ដូសទី៤ ដល់អ្នកខ្សែត្រៀមជួរមុខ

    រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យផ្នែកពាក់ព័ន្ធ ធ្វើកាសិក្សា និងគិតគូរអំពីការផ្ដល់វ៉ាក់សាំងប្រភេទ Pfizer ចាក់ដូសទី៤ ដល់អ្នកខ្សែត្រៀមជួរមុខ ដែលមានប្រហែលជា៥០ម៉ឺននាក់ ដែលរាប់ទាំងកងទ័ព នគរបាល គ្រូពេទ្យ គ្រូបង្រៀន និងមន្ត្រីរាជការ ក្នុងខណៈដែលវ៉ាក់សាំងនៅសល់ និងការមកដល់នាពេលខាងមុខ មានចំនួនប្រមាណ ១២លានដូសនោះ។

    ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ដែលមានទីតាំងស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធផ្នែកគយដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ទាំងការងារប្រមូលចំណូល ទាំងការសម្រួលពាណិជ្ជកម្ម ទាំងការអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដែលរដ្ឋបាលគយត្រូវធ្វើនោះគឺ៖

    ទី១៖ ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើតការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឱ្យកាន់តែប្រសើរឡើង។

    ទី២៖ ត្រូវបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការលើកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាដើម។

    ទី៣៖ ត្រូវបន្តពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ ប្រព័ន្ធបញ្ជរតែមួយជាតិជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

    ទី៤៖ ត្រូវចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវបណ្ដាវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការឆ្លងរីរាលដាលនៃជំងឺកូវីដ១៩ និងដោះស្រាយរាល់ផលប៉ះពាល់នានា ត្រូវអនុត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្ដីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ជាមួយនឹងវិធានការជាក់ស្ដែងនៃក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលទើបអនុម័តដាក់ឱ្យអនុវត្តន៍ថ្មីៗ។

    ៥. ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់បង្ការ និងបង្ក្រាប អំពើរត់គេចពន្ធ ដើម្បីរួមចំណែកបង្កើតចំណូលជូនរដ្ឋ ធានានូវការប្រកួតប្រជែងដោយ ស្មើភាពសម្រាប់ធុរកិច្ច និងការលើកស្ទួយអនុលោមភាព និងវប្បធម៌សារពើពន្ធនៅកម្ពុជា។ ម្យ៉ាងទៀត ដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចវេសពន្ធ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ និងកិច្ចសហការពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។

    បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា អគារ រដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី ២ ជាន់) កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ។ អគារនេះ ត្រូវបានរៀបចំឡើងដោយបាន ចែកចេញជាផ្នែកជាច្រើនសម្រាប់សម្រួល ដល់ការបំពេញការងាររបស់មន្ត្រីនិងការផ្តល់សេវា។ អគារនេះមានចំណត៨ជាន់ (រួមទាំងជាន់ ក្រោមដី២ ជាន់) អាចចតរថយន្តបាន១៤២គ្រឿង និងទោចក្រយានយន្ត ១០២ គ្រឿង បញ្ជរព័ត៌មាន(ជាន់ទី១)ច្រកចេញ-ចូលតែមួយ(ជាន់ទី៦)សាលប្រជុំ និងបន្ទប់ប្រជុំ សាល ប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូច មួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យ អគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំ នាយកដ្ឋាន និងការិយាល័យមន្រ្តីអាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសូណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

    ចំពោះអគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ២០១៩ ហើយ បញ្ចប់នៅខែតុលាឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំជាង ១០ ០២៦ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារសាលាជាតិគយ មានកម្ពស់១២ជាន់ ស្មើនឹង ២០ ២២៥ ម៉ែត្រការ៉េ។ ដោយឡែកអគារសារមន្ទីរគយត្រូវបានរៀបចំជួសជុលកែ លម្អឡើងវិញនៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។

    គួរបញ្ជាក់ដែរថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងការរកប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមចុះថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម។ អង្គភាពនេះចាប់ដំណើរការឡើងវិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទ ក្រសួងពាណិជ្ជកម្ម។ តែត្រូវបានផ្ទេរទៅនៅ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យចុះថ្ងៃ ទី១១ ខែមីនា ឆ្នាំ១៩៨៨។ ទីចាត់ការគយនិងរដ្ឋាករត្រូវបានដំឡើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។

    យោងតាមរបាយការណ៍របស់អគ្គនាយក គយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា ឆ្នាំ ២០១៩ ជាឆ្នាំនៃការប្រមូលចំណូលបានល្អបំផុតដោយសម្រេចបានក្នុងទំហំប្រមាណ ៣ ២១៤ លានដុល្លារ ត្រូវជា១៤២ ភាគរយ នៃផែនការចំណូលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ឆ្នាំ២០២០ ចំណូលពន្ធ និងអាករប្រមូលដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានជាង ៩ ៧៩៨ ប៊ីលានរៀល គឺត្រូវជា ប្រមាណ៨៣.៥ ភាគរយនៃផែន ការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។ នៅឆ្នាំ២០២១ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩ ២៨៣ ប៊ីលាន រៀល ឬត្រូវជា ៩៧ភាគរយនៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: