ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តកំពត ត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ

    BY Khmernote Media December 24, 2021
    អាជ្ញាធរខេត្តកំពត ត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ

    ខេត្តកំពត៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពត ត្រៀមខ្លួនសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនាពេលខាងមុខ ដើម្បីឱ្យអ្នកទេសចរមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្ត។

    លោក សយ ស៊ីណុល ប្រធាន មន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា នៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ អាជ្ញាធរខេត្តកំពតបានត្រៀមខ្លួនរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលពួកគាត់មកលេងកម្សាន្តប្រកបដោយភាពសប្បាយ រីករាយ និងមិនភ័យខ្លាចក្នុងការធ្វើដំណើរកំសាន្ត ដោយពង្រឹងនូវសុវត្ថិភាពតាមរយៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងខ្ជាប់ខ្ជួន។ លោកបានបន្តថា ចំពោះផ្លូវធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានខេត្តកំពត គឺមានលក្ខណៈងាយស្រួល ដោយអាជ្ញាធរខេត្តបានបំពាក់អំពូល ភ្លើងនៅតាមដងផ្លូវសម្រាប់បំភ្លឺផ្លូវ ក្នុងការធ្វើដំណើរ ដើម្បីឱ្យភ្ញៀវទេសចរអាចមកលេងកម្សាន្តប្រកបដោយសុវត្ថិភាព ។

    លោកបានបន្តទៀតថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីកម្មដែលផ្តល់សេវា សូមមេត្តាកុំដំឡើងថ្លៃលើម្ហូបអាហារហួសហេតុពេក ដែលជាការបង្កើតនូវការមិនសប្បាយចិត្តទៅដល់អ្នកទេសចរដែលមកលេងកម្សាន្ត ជាពិសេសគឺពង្រឹងនូវវិធានសុវត្តិភាពទេសចរណ៍ ដែលជាការងារសំខាន់បំផុតទាំងភ្ញៀវទេសចរ ទាំងអ្នកផ្តល់សេវា។

    សំឡេង៖ ឥឡូវនេះដោយសារ តែស្ថានភាពរបស់យើង ការងារដែលចាំបាច់ខ្លាំង គឺបញ្ហាការបង្ការការអនុវត្តសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងនូវសុវត្ថិភាព តាមរយៈការអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ យើងបានធ្វើរួចទៅហើយ ហើយយើងកំពុងតែបន្តធ្វើ រហូតដល់ថ្ងៃបុណ្យក៏យើងនៅតែធ្វើ គឺការអនុវត្តវិធានសុវត្ថិភាពនេះបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ លោកខិតខំពង្រឹងការងារចូលរួមអនុវត្តទី២ សូមស្នើឱ្យភាគីបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរដែលគាត់ទៅកម្សាន្ត ចូលរួមការអនុវត្ត អ៊ីចឹងមាន ន័យថា សំខាន់យើងចង់បានគោលដៅរបស់យើងជាគោលដៅសុវត្ថិភាព ដែលយើងចង់បានបំផុត ជាពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការបីកុំបីការពារ របស់រាជរដ្ឋាភិបាលរបស់យើង។

    សូមបញ្ជាក់ថា តំបន់រមណីយដ្ឋាននៅក្នុងខេត្តកំពតមានដូចជា៖ រមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្យានដងព្រែក, ទឹកធ្លាក់តាដា, ទំនប់ម្លិច, សហគមន៍ត្រពាំងសង្កែ, កសិទេសចរណ៍, ចម្ការម្រេច និងមានកន្លែងជាច្រើនទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: