អភិបាលរងរាជធានីភ្នំពេញ៖ ការប្រឡងបាក់ឌុបឆ្នាំនេះ បើមានបេក្ខជនណាក្តៅខ្លួន និងពិនិត្យទៅឃើញកើតជំងឺ កូវីដ-១៩ ក៏នៅតែអនុញ្ញាតឱ្យប្រឡងដដែល គ្រាន់តែដាក់ឱ្យនៅដាច់ដោយឡែកពីគេ
ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ បើបេក្ខជន ក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជំងឺកូវីដ-១៩ក៏ ដោយ បេក្ខជនរូបនោះនៅតែអនុញ្ញាតឱ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេតែប៉ុណ្ណោះ។

ថ្លែងក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៧ និង២៨ ខែធ្នូខាងមុខនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្តន៍ មិនខុសពីឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជំងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩បន្ថែមពីលើនេះ។ លោកបានជំរុញឱ្យកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំ សណ្ដាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណសាលារៀនឱ្យបានល្អប្រសើរ ចៀសវាងឱ្យបាននូវការកកស្ទះចរាចរណ៍ ។ ទន្ទឹមនេះ អាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។បន្ថែមពីនេះត្រូវបង្កើត ឱ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលា ពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។
លោកអភិបាលរងបន្ថែមថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានបញ្ហាសុខភាពដែលសង្ស័យថាមានជំងឺកូវីដ-១៩ និងពិនិត្យទៅឃើញថា បេក្ខជន នោះមានផ្ទុកជំងឺកូវីដ-១៩មែននោះ ក៏យើងមិនឱ្យពួកគាត់ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះនៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេឯង។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន ២០៧ ២៥៤ នាក់ ។ លោកបន្តថា ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង២៨ មណ្ឌល គឺមិនអនុញ្ញាតឱ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្រាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕ដោយ សួស សំរិត
