ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀត ត្រូវបានដាក់ឱ្យអ្នកភូមិខ្នារប្រើប្រាស់ជាផ្លូវការ ហើយរយៈពេល២ឆ្នាំទៀត ភូមិនេះនឹងអាចក្លាយទៅជាភូមិទេសចរណ៍ដ៏ស្រស់ស្អាត និងមានរមណីយដ្ឋានដែលអ្នកទេសចរអាចមកលេងកម្សាន្តបាន

    BY Khmernote Media December 27, 2021
    ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀត ត្រូវបានដាក់ឱ្យអ្នកភូមិខ្នារប្រើប្រាស់ជាផ្លូវការ ហើយរយៈពេល២ឆ្នាំទៀត ភូមិនេះនឹងអាចក្លាយទៅជាភូមិទេសចរណ៍ដ៏ស្រស់ស្អាត និងមានរមណីយដ្ឋានដែលអ្នកទេសចរអាចមកលេងកម្សាន្តបាន

    ខេត្តសៀមរាប៖ យោងតាមការគណនីហ្វេស ប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀតត្រូវបានដាក់ឱ្យពុកម៉ែបងប្អូននៅក្នុងភូមិខ្នារប្រើប្រាស់ជាផ្លូវការ។ ២ឆ្នាំទៀត ភូមិនេះនឹងអាចក្លាយទៅជាភូមិទេសចរណ៍ដ៏ស្រស់ស្អាតមួយប្រចាំឃុំខ្នារសណ្តាយ មានរមណីយដ្ឋានដែលអ្នកទេសចរអាចមកលេងកម្សាន្តបាន និងអាចមានសេវាផ្ទះស្នាក់នៅតាមផ្ទះអ្នកភូមិ ប្រសិនបើមានការរៀបចំកែលម្អបន្ថែមតែបន្តិចបន្តួចទៀតនោះ។

    បន្ថែមពីលើកំណាត់ផ្លូវបេតុងដែលបានធ្វើរួចហើយកាលពីឆ្នាំមុន ផ្លូវបេតុងក្នុងភូមិខ្នារមានប្រវែងជាង១គីឡូម៉ែត្រហើយ ឡោមព័ទ្ធបានទាំងស្រុងជុំវិញត្រពាំងបុរាណដ៏ធំមួយនៅចំកណ្តាលភូមិតែម្តង។ ខ្លីៗបន្តិចតែងាយស្រួលជាងមុនឆ្ងាយ ហើយបើចាំរហូតទាល់តែមានថវិកាធ្វើផ្លូវវែងៗពេញលេញទើបចាប់ផ្តើម មិនដឹងថ្ងៃណាទើបគុណភាពជីវិតរបស់អ្នកភូមិនឹងអាចមានការផ្លាស់ប្តូរបាននោះទេ។ ជាគោលការណ៍ មូលនិធិនៃកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ឃុំ-ស្រុក បូករួមនិងថវិកាផ្សេងៗទៀត នឹងត្រូវបានផ្តល់អាទិភាពធ្វើផ្លូវបេតុងឬកៅស៊ូទៅលើផ្នែកណាមួយនៃទីប្រជុំជនរបស់ភូមិនីមួយៗដែលមានមនុស្សរស់នៅកកកុញច្រើនជាមុនសិន ជាពិសេសតំបន់ដែលមានសក្តានុពលទេសចរណ៍ដែលអាចបង្កើតមុខរបរ និងប្រាក់ចំណូលដល់អ្នកភូមិបាន។

    ខ្ញុំបានសន្យាថានឹងកៀរគររកថវិកាដើម្បីបំពាក់អំពូលសូឡាជូននៅមុខផ្ទះនីមួយៗរបស់អ្នកភូមិដែលរស់នៅសងខាងផ្លូវបេតុងថ្មីមួយនេះ ជាថ្នូរនឹងការសន្យាពីអ្នកភូមិត្រលប់មកវិញថានឹងរៀបចំមុខផ្ទះរបស់ខ្លួនឱ្យមានរបៀប មានដាំផ្កា ធ្វើរបង និងគ្រប់គ្រងសំរាមឱ្យបានស្អាត។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ឌួង អ៊ា ដែលបានឧបត្ថម្ភជាថវិកា ចំនួន៤លានរៀល ដើម្បីចូលរួមគាំទ្រទៅលើយុទ្ធនាការ”ផ្ទះ១ អំពូល១”នៅក្នុងភូមិនេះផងដែរ ៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: