ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាស្នើរដ្ឋាភិបាលអូស្ត្រាលីបន្តផ្តល់ការគាំទ្របន្ថែមទៀតដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

    BY Khmernote Media December 27, 2021
    កម្ពុជាស្នើរដ្ឋាភិបាលអូស្ត្រាលីបន្តផ្តល់ការគាំទ្របន្ថែមទៀតដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអូស្ត្រាលី បន្តផ្តល់ការគាំទ្របន្ថែមទៀត ដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ ឱ្យកាន់តែល្អប្រសើរ។

    ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ផ្តល់ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអូស្ត្រាលីនេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្របខ្លួន និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩នេះ។

    ជាងនេះទៅទៀត សម្តេចតេជោ ក៏បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យបន្តគាំទ្រដល់កម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ជាពិសេសជួយ បង្កើនសមត្ថភាពផ្នែកសុខាភិបាល និងសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើងវិញ ។

    « ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តផ្ដល់ការគាំទ្របន្ថែម ទៀតដល់កម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ក្នុងការកសាងសមត្ថភាពផ្នែកសន្តិសុខ សុខភាព ក្នុងការពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ ក្នុងការផ្តល់ សេវាថែទាំសុខភាព ក៏ដូចជាការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ននិងភាពធន់ » ។

    យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់ រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូសដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជាធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: