ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ជូនដំណឹងអ្នកដែលចង់ថតវីដេអូផ្សាយបន្តផ្ទាល់អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ត្រូវដាក់សំណើរសុំមកអាជ្ញាធរជាមុនសិន

    BY Khmernote Media December 29, 2021
    អាជ្ញាធរជាតិអប្សរា ជូនដំណឹងអ្នកដែលចង់ថតវីដេអូផ្សាយបន្តផ្ទាល់អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ត្រូវដាក់សំណើរសុំមកអាជ្ញាធរជាមុនសិន

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការថតវីដេអូផ្សាយបន្តផ្ទាល់ក្នុងរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់(Live) អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មេត្តាដាក់សំណើរសុំមកអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយភ្ចាប់មកជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។

    ចំពោះការស្នើរសុំថតផ្សាយបន្តផ្ទាល់អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែលមានលក្ខណៈផ្សព្វផ្សាយ ជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើរសុំថតលក្ខណៈអាជីវកម្មដែលតម្រូវឲ្យអនុវវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។

    អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនថា នាពេលកន្លងមកចាប់តាំងពីមានវត្តមាននៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតដោយឥតគិតថ្លៃជូនក្រុមហ៊ុន ឬមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ធ្វើការថតឡាយវីដេអូតាមទូរស័ព្ទ ដើម្បីបកស្រាយអំពីប្រវត្តិសាស្ត្រប្រាសាទនានាដល់ភ្ញៀវរបស់ខ្លួនផងដែរ។

    ឆ្លៀតក្នុងឱកាសនេះ និងគោលដៅដើម្បីអាចគ្រប់គ្រងដោយប្រសិទ្ធភាពនូវការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ(Pre-Wedding) ក៏ដូចជាជៀសវាងនូវភាពអាណាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានតម្រូវឲ្យសាធារណជនដាក់សំណើរសុំការថតសម្លៀកបំពាក់ប្រពៃណីបុរាណ មកអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យនិងផ្ដល់ការអនុញ្ញាតជូនដោយឥតគិតថ្លៃផងដែរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរាសង្គេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមការណែនាំគួរឲ្យកត់សម្គាល់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រីមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរស័ព្ទ ០៦៣ ៧៦៥ ៥៧៧ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: