ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលនាដំណាច់ឆ្នាំ២០២១នេះ

    BY Khmernote Media December 29, 2021
    សសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលនាដំណាច់ឆ្នាំ២០២១នេះ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលសសរចំនួន២៣ ដែលបានរងការខូចខាតទ្រុឌទ្រោមនៅថែវព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងដំណាច់ឆ្នាំ២០២១នេះ ដើម្បីធ្វើឱ្យប្រាសាទកាន់តែរឹងមាំ និងមានសោភ័ណភាពស្រស់ស្អាត។

    លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំង ហើយការជួសជុលនេះនឹងបញ្ចប់ នាចុងឆ្នាំ ២០២១នេះ។

    លោកបន្តថា មានកត្តាជាច្រើនដែលធ្វើឱ្យសសរចំនួន២៣នៅថែវព្រះពាន់ នៃប្រាសាទអង្គរវត្តពុកផុយ រួមមានកត្តា ធម្មជាតិនិងអាយុកាលយូរឆ្នាំនៃសំណង់ ស្លែល្អិតៗ ដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមី ហើយបំប្លែងទៅជាអាស៊ីត រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។ លោកបន្តថា ក្នុងដំណើរការជួសជុល បានបែងចែកជា២ដំណាក់កាលគឺ ដំណាក់កាលទី១ ជួសជុលចំនួន ១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាមក និងដំណាក់កាលទី២ ជួសជុលចំនួន១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលា ឆ្នាំ២០២១។

    លោកបញ្ជាក់ថា៖ការជួសជុលសសរនេះមានពីរដំណាក់កាល ដំណាក់កាលទី១មាន១២សសរ ចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែឧសភា ក្នុងគម្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ដំណាក់កាលទី២ មាន១១សសរ ចាប់ផ្តើមធ្វើនៅថ្ងៃទី១៤ ខែតុលា បញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែធ្នូនេះដែរ ហើយសសរចែកជាពីរប្រភេទទៀត ទី១យើងជួសជុលសសរដែលពុកផុយទាំងមូល តាំងពីគល់ ដល់ចុង ទី២យើងមើលតែការពុកផុយជើងខាងក្រោមរបស់ថ្មទេ លក្ខណៈជួសជុលទី១ ត្រូវធ្វើការ សម្លាប់ស្លែ ព្រោះស្លែជាកត្តាមួយសំខាន់ដែលធ្វើឱ្យថ្មពុកផុយ ក្រោយពេលសម្លាប់ស្លែហើយ យើងធ្វើការពង្រឹងកន្លែងពុកផុយ យើងត្រូវដកជាតិអំបិល ហើយពង្រឹង យើងប្រើសារធាតុម្យ៉ាង អត់ប៉ះពាល់ដល់ថ្មទេ បន្ទាប់មកបានយើងចាប់ផ្តើមបំពេញស្នាមប្រេះ។

    សូមជម្រាបផងដែរថា ថែវព្រះពាន់ ជាទីតាំងសក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ជាច្រើន។ ដោយសារទីនោះធ្លាប់តម្កល់ព្រះពុទ្ធបដិមា និងអាទិទេពផ្សេងទៀត រាប់រយពាន់អង្គកាលពីមុន ទើបអ្នកស្រុកឱ្យឈ្មោះថា ថែវព្រះពាន់នោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: