បើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើជិះហួសច្រកចេញ តើអាចថយឡានទៅក្រោយបានទេ?
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានបន្ថែមខ្លះការបើកបរនៅលើផ្លូវល្បឿនលឿន ដោយបានបញ្ជាក់ឲ្យដឹងថា «សំណួរ/ចម្លើយ៖ បើខ្ញុំជិះហួសច្រកចេញ តើខ្ញុំអាចថយឡានទៅក្រោយទេ? ប្រាកដជាមិនបានដាច់ខាត។ ❌❌យើងត្រូវចាប់អារម្មណ៍ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ដែលចង្អុលបង្ហាញច្រកចេញនៅលើផ្លូវល្បឿនលឿន បើជិះហួសច្រកចេញ អ្នកត្រូវតែបើកបន្តទៅមុខរកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ គ្រោះថ្នាក់ខ្លាំងណាស់»។
គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

