សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ហើយ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង៩:០០ ព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ បានដឹកជញ្ជូនសម្ភារវេជ្ជសាស្ត្រអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ នៃសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ាហើយ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។
គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់N95 ចំនួន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងកវែង ចំនួន៣ពាន់គូរ ម៉ាសុីនជំនួយដល់ការដកដង្ហើម ចំនួន៥០គ្រឿង ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាសុីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿងផងដែរ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល