ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ ពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងចូលដល់សហគមន៍

    BY Khmernote Media January 11, 2022
    អាជ្ញាធររាជធានីភ្នំពេញ ពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងចូលដល់សហគមន៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ពង្រឹងវិធានការបង្ការនិងទប់ ស្កាត់ជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសជំរុញ ទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។

    ថ្លែងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធមួយ ចំនួនទៀត ស្ដីពីការជំរុញ ការងារចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ -១៩ ដូសជំរុញ ជូនបង ប្អូនប្រជាពលរដ្ឋក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហ គមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

    ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋានដូសជំរុញទី៣និងដូសទី៤ ឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩ ។

    ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់ សាំងទាំងដូសជំរុញនិងដូសទី៤ ឱ្យបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឱ្យលេចឮពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

    ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានប្រកាសពីការប្រគល់ម៉ាស់មួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស់ និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាស់ចំនួន៥០០០ម៉ាស់ ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ ឱ្យល្អថែមទៀត។

    ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បាននិងកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ ប៉ុន្តែបើប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បាននោះ វាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: