ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអប់រំ ហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស និងអ្នកមិនពាក់ព័ន្ធនឹងការប្រឡងបាក់ឌុប ទៅទីតាំងបិតផ្សាយលទ្ធផលឡើយ

    BY Khmernote Media January 14, 2022
    រដ្ឋមន្ត្រីក្រសួងអប់រំ ហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស និងអ្នកមិនពាក់ព័ន្ធនឹងការប្រឡងបាក់ឌុប ទៅទីតាំងបិតផ្សាយលទ្ធផលឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសហាមឃាត់ជាដាច់ខាត ចំពោះនិស្សិត ឬសិស្សានុសិស្ស និងអ្នកមិនពាក់ព័ន្ធ ទៅទីតាំងបិតផ្សាយលទ្ធផលប្រឡងបាក់ឌុបជាដាច់ខាត។

    ការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា ខណៈបេក្ខជនប្រឡងបាក់ឌុបពុំចាំបាច់ទៅមើលលទ្ធផលប្រឡងរបស់ខ្លួន នៅមណ្ឌលប្រឡង ឬអាចមើលតាមផេកហ្វេសប៊ុក របស់ក្រសួងក៏បាន ។ ការធ្វើបែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការប្រកាសលទ្ធផលបាក់ឌុបឆ្នាំ២០២១ ដោយឱ្យលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយកគ្រឹះស្ថានបណ្តុះបណ្តាល ដែលប្រើប្រាស់ជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថា ដើម្បីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

    ឯកឧត្តមបណ្ឌិតសភាចារ្យលើកឡើងថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណីថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួងសូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាពដូចជា ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបានដឹងថា លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់ នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វ ផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត។ ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដានលទ្ធផល នៅមណ្ឌលប្រឡងឡើយ។

    ឯកឧត្តមក៏បានឱ្យរៀបចំទីតាំងបិតផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬទីកន្លែងប្រមូលផ្ដុំនៃនិស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស ដែលមិនពាក់ព័ន្ធនឹងការប្រឡងចូលទៅកាន់ទីតាំងបិតផ្សាយលទ្ធផលប្រឡងជាដាច់ខាត។ ឯកឧត្តមថា កន្លែងបិតលទ្ធផលត្រូវចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិតផ្សាយលទ្ធផលប្រឡង តាមលទ្ធភាពដែលអាចធ្វើទៅបាន។ បិតផ្សាយសន្លឹកលទ្ធផលប្រឡងឱ្យនៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្តារខៀន-ផ្ទាំងបិតប្រកាស ឬបញ្ជារផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញ នៃបេក្ខជនប្រឡង។

    ជាមួយគ្នានោះដែរឯកឧត្តម ក៏បានឱ្យចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡងនីមួយៗរួចហើយ) ឬ ការបាញ់អាល់កុល (តាមលទ្ធភាពជាក់ស្ដែង) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង។ ណែនាំឱ្យបេក្ខជន ដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡង បន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ។

    សូមជម្រាបថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២១ មានចំនួន ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ មាន ២០៤មណ្ឌល ចែកចេញជា ៤ ៦១៦បន្ទប់។ បេក្ខជនអវត្តមានសរុបមានចំនួន ៤ ៤៣០នាក់ ស្មើនឹង៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: