ក្រសួងបរិស្ថាន អំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នប្រើប្រាស់ភ្លើងប្រចាំថ្ងៃក្នុងរដូវប្រាំង ដែលអាចនឹងនាំឱ្យមានភ្លើងឆេះព្រៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ពលរដ្ឋឱ្យមានការប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ ភ្លើងជាមធ្យោបាយចម្អិនអាហារ ដុតស្មៅ ព្រៃ និងការប្រមូលផលអនុផលព្រៃឈើជាដើម ដោយហេតុបញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារ ធម្មជាតិ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិនានា នៅកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវប្រាំង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថានៅរដូវប្រាំង ធាតុអាកាស ទូទៅនៅព្រះរាជាណាចក្រកម្ពុជាមានសភាពក្តៅហួតហែង និងស្ងួតខ្លាំងដែលងាយនឹងបង្កឱ្យមានកត្តាភ្លើងឆេះព្រៃ។ ទោះបីជា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតឡានីណា (La Nina) ក៏ដោយ តែក្រៅពីបាតុភូតធម្មជាតិដែលបង្កឱ្យមានភ្លើងឆេះព្រៃ ហានិភ័យនៃភ្លើងឆេះព្រៃដែលបង្កដោយសកម្មភាពរបស់មនុស្សផ្ទាល់ ក៏ជាកត្តាចម្បងមួយគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។
តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវប្រាំង។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្ម ផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។ល។
ស្របតាមសេចក្តីណែនាំលេខ០០៩ សណន.កសក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៧២ តំបន់ ដែលមានផ្ទៃដីសរុបប្រមាណជាង ៧,២ លាន ហិកតា សូមចូលរួមអំពាវនាវ និងធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ច រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ ប្រជាសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តវិធានការដូចជា ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុងនិងជុំវិញតំបន់ ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
បន្ថែមពីនោះទៀត ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ កម្ទេចកំទីផ្សេងៗ នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ រៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត។ មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ ដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់ មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើងនោះ។ មន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃ ជាយថាហេតុ និងត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃឈើ និងព្រៃលិចទឹក ដែលឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញតាមលក្ខណៈធម្មជាតិ ឬដាំស្តារឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន