ក្រសួងប្រៃសណីយ៍ ចែកចាយឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» ចំពោះមនុស្សពេញវ័យ នៅសាខាប្រៃសណីយ៍កម្ពុជាតាមបណ្ដាខេត្ត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជាមួយគ្នានេះ ដើម្បីផ្ដល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្ដាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម៖
– បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់១០ដូស ក្នុង១ដង
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ក្នុង១ដង ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាម៉េរិក ក្នុង១ដូស។
ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត (ដូចមានក្នុងតារាងព័ត៌មានលម្អិតជូនភ្ជាប់មកជាមួយ)។ សម្រាប់ការផ្ដល់មតិត្រលប់អំពីការផ្ដល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕






ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications