សហគ្រិនខ្មែរបានរៀបចំកម្មវិធីបណ្តាញធុរកិច្ច៖ វេទិកាវិនិយោគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត
- BY
- Liny Chan
- January 25, 2022
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “វេទិកាវិនិយោគ” (Venture Capital Night) នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។

កម្មវិធី “វេទិកាវិនិយោគ” ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និង ធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និង ការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។ ជាក់ស្តែង ការវិនិយោគមានសារសំខាន់ សម្រាប់ធុរកិច្ចថ្មីជាពិសេសក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដែលចាត់ទុកបានថាជា ពេលវេលាដែលធុរកិច្ចថ្មីមានតម្រូវការគាំទ្រ ទាំងផ្នែកហិរញ្ញវុត្ថុ និងជំនាញដើម្បីបំប្លែងគំនិតអាជីវកម្ម ឲ្យក្លាយជាផលិតផល និង សេវាកម្មដែលមានតម្រូវការក្នុងទីផ្សារ។
អ្នកវិនិយោគត្រូវបានគេបែងចែកជាពីរប្រភេទធំៗ៖ អ្នកវិនិយោគមូលធន (Venture Capitalist ឬហៅកាត់ថា VC) និងវិនិយោគិន (Angel Investor)។ អ្នកវិនិយោគមូលធនជាក្រុមហ៊ុន ដែលមានជំនាញវិជ្ជាជីវៈវិនិយោគធ្វើការជ្រុំជ្រែងដល់ធុរកិច្ចថ្មីតាម ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ យុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រ វិនិយោគរយៈពេលវែង។ រីឯវិនិយោគិនគឺជាបុគ្គល ដែលមានធនធានហិរញ្ញវុត្ថុ មានបំណងវិនិយោគ ក្នុងធុរកិច្ចថ្មីដែលមានលទ្ធភាពជួយផ្សាភ្ជាប់អាជីវកម្មទៅក្នុងបណ្តាញទំនាក់ទំនង។ ដោយមូលហែតុ វិនិយោគគិនមែនមែនជាក្រុមហ៊ុន ធុរកិច្ចថ្មីមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុ ក៏ប៉ុន្តែ វិនិយោគិនមិនមានពេលវេលាច្រើនក្នុងការធ្វើការជាមួយធុរកិច្ចថ្មី។

កម្មវិធីនេះមានធុរកិច្ចតថ្មីចំនួន៨ ដែលបានឆ្លងកាត់ការជ្រើសរើសក្នុងការទទួលបានឳកាសធ្វើបទបង្ហាញ អាជីវកម្មដល់បណ្តាវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនានាដែលបានចូលរួម។ គួរបញ្ជាក់ផងដែរថា “វេទិកាវិនិយោគ” គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីក្នុងឆ្នាំ២០២២ របស់សហគ្រិនខ្មែរដែលបាន ផ្តួចផ្តើមរៀបចំក្នុងន័យផ្សារភ្ជាប់អ្នកផ្តល់ហិរញ្ញវត្ថុ និងការវិនិយោគដល់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់សហគ្រិនដែលបានទទួលជ័យលាភីក្នុងកម្មវិធីផ្សេងៗដូចជា៖ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និងកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ។

ដោយមើលឃើញថាវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរំពឹងថា និន្នាការនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ សហគ្រិនខ្មែរ នឹងបន្តរៀបចំកម្មវិធីបែបនេះក្នុងការ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើនសមត្ថភាព និងអភិវឌ្ឍ អាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត។

អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយ ជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលផ្តោតសំខាន់ទៅលើផលិតកម្ម ជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម។


- Share This Post:






