សហគ្រាសសង្គមដែលជំរុញដោយបច្ចេកវិទ្យា ទទួលបានការចាប់អារម្មណ៍ក្នុងកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១
- BY
- Liny Chan
- March 15, 2022
បន្ទាប់ពីរៀនសូត្រនិងទទួលបានការបង្ហាត់បង្ហាញរយៈពេល ៨ខែ ក្រុមឈ្នះចំនួន៦ ទទួលបានប្រាក់រង្វាន់ ២០.០០០ដុល្លារសិង្ហបុរីក្នុងមួយក្រុម ដើម្បីជួយពួកគេឱ្យចាប់ផ្តើម ឬពង្រីកអាជីវកម្មសង្គមរបស់ពួកគេ។
ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរីសម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។
ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global 2021) របស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF)។
ក្រុមទាំងនេះដែលមកពីប្រទេសកម្ពុជា ចិន ហ្ស៊កដានី ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី ត្រូវបានសម្រាំងចេញពីក្រុមធំមួយដែលមានចំនួន៤១ក្រុម ដែលមានយុវជនចំនួន ១០៩នាក់មកពីប្រទេសចំនួន១៦។ ពួកគេបានចូលរួមក្នុង សិក្ខាសាលា YSE Global 2021 ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២១។
(ក្រុមរបស់សហគ្រាសចំនួន៦ បានក្លាយជាអ្នកឈ្នះនៅឯកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global 2021) របស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF)។ ពិធីប្រគល់រង្វាន់តាមអនឡាញមានការចូលរួមពីលោកស្រី Carrie Tan (ខាងលើស្តាំ) សមាជិកសភារបស់ប្រទេសសិង្ហបុរីនិងលោកស្រី Jean Tan នាយកប្រតិបត្តិមូលនិធិ SIF (ខាងក្រោមស្តាំង)
នៅឆ្នាំនេះ ដំណោះស្រាយជិត ៧០ភាគរយដែលស្នើឡើងដោយក្រុមចូលរួម គឺជាក្រុមដែលជំរុញដោយបច្ចេកវិទ្យា ពោលគឺកើនឡើងបីដងបើធៀបនឹងកម្មវិធីលើកមុន និងជាកំណត់ត្រាថ្មីមួយសម្រាប់កម្មវិធី។ រាប់ចាប់ពីបច្ចេកវិទ្យា Deep tech បច្ចេកវិទ្យាជំនួយរហូតដល់ភ្លែតហ្វមឌីជីថល ក្រុមដែលចូលរួមបានប្រើបច្ចេកវិទ្យានិងការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យបរិយាបន្ន និរន្តរភាព អនាម័យសាធារណៈ ការថែទាំសុខភាព និងការអប់រំ។ គោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យមានផលប៉ះពាល់វិជ្ជមានប្រកបដោយនិរន្តរភាពជាមួយនឹងអាជីវកម្មរបស់ខ្លួន ក៏ស្របទៅនឹងគោលបំណងជាសកលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ដែលហៅថា Pitching for Change ក្រុមដែលជាប់ក្នុងបញ្ជីសម្រាំងបានបង្ហាញគំនិតអាជីវកម្មសង្គមរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលឈ្នះទាំង៦ក្រុមត្រូវបានជ្រើសរើសដោយផ្អែកលើផលប៉ះពាល់វិជ្ជមាន និងភាពអាចពង្រីកនិងបង្រួមបាននៃគំនិតអាជីវកម្មរបស់ពួកគេ ក៏ដូចជាកម្រិតនៃការប្តេជ្ញាចិត្តរបស់សមាជិកក្រុម។
ក្រុមដែលឈ្នះរួមមាន (តាមលំដាប់អក្ខរក្រម)៖
1. AKYAS Sanitation (ហ្សកដានី)
2. Kanpur Flowercycling Private Limited (Phool.co) (ឥណ្ឌា)
3. Khmer Super Plantfood (កម្ពុជា)
4. Sojourner Brother (សិង្ហបុរី)
5. TACT (ថៃ)
6. VEMBI (ឥណ្ឌា)
លោកស្រី Carrie Tan ស្ថាបនិកសហគ្រាសសង្គម Daughters Of Tomorrow និងជាសមាជិកសភារបស់ប្រទេសសិង្ហបុរី បានប្រគល់រង្វាន់ និងបិទកម្មវិធីតាមអនឡាញនេះ។
លោកស្រីបានមានប្រសាសន៍ថា៖ «ការងាររបស់សហគ្រិនសង្គមមានសារៈសំខាន់ណាស់ ដោយសារពួកគេស្វែងរកវិធីថ្មីៗប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយតម្រូវការសង្គម និងបរិស្ថានដែលមិនត្រូវបានឆ្លើយតបរបស់សហគមន៍របស់ពួកគេ។ វាគួរឱ្យរំភើបដែលមើលឃើញចំណង់ ការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នកចូលរួមវ័យក្មេងទាំងនេះក្នុងការសម្រេចបានបេសកកម្មសង្គមរបស់ពួកគេ»។
ដើម្បីឈានមកដល់វគ្គ Pitching for Change អ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) វ័យក្មេងទាំងនេះបានចូលរួមក្នុងសិក្ខាសាលានិងគ្លីនិកអាជីវកម្មតាមអនឡាញជាច្រើន។ មូលនិធិ SIF បានបង្កើតវគ្គសិក្ខាសាលាទាំងនេះឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍអាជីវកម្មល្អៗក្នុងសង្គម។
(Khmer Super Plantfood មកពីប្រទេសកម្ពុជាគឺជាក្រុមមួយក្នុងចំណោមក្រុមសហគ្រាសសង្គមដែលឈ្នះទាំង៦ នៅឯកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global 2021) របស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF)។ ជួរខាងលើ ពីឆ្វេង៖ លោកស្រី Carrie Tan សមាជិកសភារបស់ប្រទេសសិង្ហបុរី លោកស្រី Jean Tan នាយកប្រតិបត្តិមូលនិធិ SIF។ ជួរខាងក្រោម ពីឆ្វេង៖ អ្នកនាង សៅ សិរីសុធា និងអ្នកនាង សៅ សុម៉ាលែន សហស្ថាបនិកក្រុម Khmer Super Plantfood។)
អ្នកចូលរួមក៏បានធ្វើការជាមួយអ្នកបង្ហាត់បង្ហាញស្ម័គ្រចិត្តដែលទទួលបានការចាត់តាំងរយៈពេលប្រាំបីខែផងដែរ ដើម្បីសម្រួចគំនិតអាជីវកម្មរបស់ពួកគេក្នុងការត្រៀមខ្លួនសម្រាប់វគ្កផ្តាច់ព្រ័ត្រ។ ក្រុមអ្នកបង្ហាត់បង្ហាញរួមមានអ្នកផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្មឈានមុខគេមកពីក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Temasek International ក្រុមហ៊ុន Bain &Company និងសហគ្រិន និងអ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យរបស់ពួកគេ។
ក្រុមទាំងនេះក៏បានចូលរួមក្នុងវគ្គ YSE Spotlight ដែលជាសកម្មភាពអនឡាញជាស៊េរី ដើម្បីពង្រីកចក្ខុវិស័យរបស់ពួកគេ និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីភាពជាសហគ្រិនសង្គមនៅក្នុងប្រទេសអាស៊ីផ្សេងៗផងដែរ។ នៅក្នុងវគ្គនេះ សហគ្រិនសង្គមនិងអ្នកជំនាញក្នុងឧស្សាហកម្មនានាចែករំលែកបទពិសោធន៍ និងការយល់ដឹងរបស់ពួកគេ។
អ្នកចូលរួមក៏បានបង្កើតបណ្តាញជាមួយមិត្តភ័ក្តិដែលមានសញ្ជាតិផ្សេងៗគ្នា ទទួលបានការយល់ដឹងអំពីអន្តរវប្បធម៌កាន់តែស៊ីជម្រៅ បង្កើតមិត្តថ្មី និងបង្កើតទំនាក់ទំនងអាជីវកម្មតាមរយៈការចែករំលែក និងការពិភាក្សាអនឡាញ។
លោកស្រី Ng Shin Ein ប្រធានមូលនិធិ SIF និងជាចៅក្រមនាំមុខនៃកម្មវិធី YSE Global 2021 បានកត់សម្គាល់ថា ចំនួនយុវជនដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាកំពុងកើនឡើងនៅទូទាំងពិភពលោក ដែលត្រូវបានជំរុញដោយស្មារតីនៃគោលបំណងសង្គមដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។
លោកស្រីមានប្រសាសន៍ថា៖ «វាពិតជាពេលវេលាដ៏រំភើបសម្រាប់នវានុវត្តន៍សង្គម។ បច្ចេកវិទ្យាបានបង្កើតឱកាសជាច្រើនសម្រាប់សហគ្រិនវ័យក្មេងដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព។ ពួកគេបានបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គមនិងបរិស្ថានជាមួយនឹងការទទួលបានប្រាក់ចំណេញ និងផលប៉ះពាល់វិជ្ជមាន។ មូលនិធិ SIF មានមោទនភាពក្នុងការគាំទ្រសហគ្រាសសង្គមទាំងនេះក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការបង្កើតផលប៉ះពាល់សង្គមវិជ្ជមានកាន់តែច្រើន»។
កញ្ញា សៅ សេរីសុទ្ធា សហស្ថាបនិក Khmer Super Plantfood ពីប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណចំពោះការគាំទ្រពីក្រុមការងាររៀបចំ អ្នកបង្ហាត់បង្ហាញរបស់យើង និងអ្នកចូលរួមផ្សេងទៀតទាំងអស់។ ខ្ញុំទទួលបានយ៉ាងច្រើនក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ។ វាក៏កំពុងលើកទឹកចិត្តផងដែរឱ្យខ្ញុំដឹងថា មានយុវជនផ្សេងទៀតនៅជុំវិញពិភពលោកដែលតាំងចិត្តធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។ កត្តានេះជួយខ្ញុំកុំឱ្យសូវមានអារម្មណ៍ឯកោក្នុងដំណើរសហគ្រិនសង្គមរបស់ខ្ញុំ។”
YSE Global ស្វែងរកការបំផុសគំនិត បំពាក់ និងផ្តល់លទ្ធភាពឱ្យយុវជនមកពីជាតិសាសន៍ផ្សេងៗឱ្យចាប់ផ្តើម ឬពង្រីកសហគ្រាសសង្គមរបស់ពួកគេ។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ កម្មវិធីរបស់មូលនិធិ SIF នេះបានជួយដល់អតីតអ្នកចូលរួមជាង ១.៣០០នាក់មកពី ៤២ប្រទេស និង សហគ្រាសសង្គមចំនួន៦២៨។
ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីសម្រាប់ YSE Global 2022 ឥឡូវនេះអាចរកបានហើយ។ សូមចូលទៅកាន់ YSE Global 2022 – Virtual Roadshows សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៕
- Share This Post:






