សង្គម

មិនចាញ់រាល់ឆ្នាំឡើយ! ព្រឹត្តិការណ៍ពិសេសថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត “សមរាត្រី” នៅឆ្នាំនេះ មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករបានចូលរួមទស្សនា

BY
Liny Chan
March 21, 2022

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករបាននាំគ្នាមកទស្សនាព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេហៅថា «សមរាត្រី»។ នៅក្នុងតំបន់អង្គរតូច ឃើញថាមានវត្តមានភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិបាននាំគ្នាមករង់ចាំទស្សនាព្រឹត្តិការណ៍ពិសេសនេះ តាំងពីព្រឹកថ្ងៃមិនទាន់រះ ដើម្បីផ្ដិតយករូបភាពស្អាតៗ និងបានឃើញពីបាតុភូតដ៏អស្ចារ្យនេ។

យោងតាមអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពី បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

អ្នកជំនាញបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ជាមួយគ្នានេះព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ ហើយប្រហែលជាកើតមានតែនៅអង្គរវត្តតែមួយគត់ ដោយសារតែលក្ខណៈពិសេសរបស់បុព្វបុរស ខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សូម្បីតែគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ក៏បានចេញផ្សាយថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក៕

អត្ថបទ៖ លីនី
រូបថត៖ ក្រុមការងារ មរតកថតរូប

Share This Post: