សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថតរូបអនុស្សាវរីយ៍ នៅរូបសំណាក«ព្រះថោងនាងនាគ»ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងខណៈអញ្ជើញទៅសម្រាកលំហែនៅខេត្តព្រះសីហនុនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាមុខនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថតរូបអនុស្សាវរីយ៍នៅរូបសំណាក«ព្រះថោងនាងនាគ» ដែលមាទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅលើផេកផ្លូវការនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា «ពីរនាក់បានហើយ នាំភរិយាថតរូបជាមួយរូបសំណាកថ្មី ដែលទើបកសាងរួច គឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល»។
គួរបញ្ជាក់ដែរថា រូបសំណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលកសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះ ទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ៕





ប្រភព៖ ក្រសួងព័ត៌មាន