នគរបាលស្រុកសំពៅលូន បង្ក្រាបឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ លួចនាំពលករខ្មែរឆ្លងដែនចូលទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥និង ៣០នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរនគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងក្នុងអង្គភាព សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងកងយោធពលខេមរៈភូមិន្ទវរៈលេខ០១ និងកម្លាំងវរៈសេនាតូចលេខ ៥៣៣ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ។

ចំណុចខាងលើ បង្ក្រាបករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ចំនួន០១ ករណីដែលមានជនសង្ស័យជាមេខ្យល់ចំនួន០១នាក់គឺ៖
១-ឈ្មោះ សោម បូរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មុខសញ្ញាខាងលើបានធ្វើសកម្មភាពទាក់ទងគ្នានាំពលករចំនួន ០២នាក់គឺ៖ ឈ្មោះ ប៊ុន សុភាព ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ លូត ឡឹង ភេទស្រី អាយុ ៤២ឆ្នាំ អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុកមោងឬស្សី ខេត្តបាត់ដំបង បម្រុងចូលទៅក្នុងប្រទេសថៃ ដោយយកប្រាក់ថ្លៃនាំផ្លូវក្នុងម្នាក់ៗចំនួន ៥.៥០០ បាត(ប្រាក់ថៃ)។
បច្ចុប្បន្ន ពលករទាំងពីរនាក់ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនិងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

