រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរឆ្លងកាត់ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគ ជាបណ្តោះអាសន្ន ដើម្បីរៀបចំពិធីបដិមាភិសេករូបសំណាក “ព្រះថោងនាងនាគ”
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរឆ្លងកាត់ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគ ជាបណ្តោះអាសន្នដើម្បីរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តដោយរលូន មានសន្តិសុខ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្នចាប់ពីវេលាម៉ោង ៣៖០០នាទីទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រហូតដល់ចប់កម្មវិធី តាមមហាវិថីមួយចំនួន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តនឹងបើកឲ្យធ្វើចរាចរជាធម្មតាឡើងវិញ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ