ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង ធ្វើការបញ្ជាក់ករណីម្ចាស់គណនីហ្វេសប៊ុកមួយបានរាយការណ៍មានជនមិនស្គាល់មុខយកក្បាលវីសដាក់ពង្រាយនៅតាមដងផ្លូវជាតិ

    BY Khmernote Media April 20, 2022
    ស្នងការខេត្តបាត់ដំបង ធ្វើការបញ្ជាក់ករណីម្ចាស់គណនីហ្វេសប៊ុកមួយបានរាយការណ៍មានជនមិនស្គាល់មុខយកក្បាលវីសដាក់ពង្រាយនៅតាមដងផ្លូវជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Loeurn To បានជ្រាបថា៖

    នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបន្ទាប់ពីមានឃើញនូវការផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Loeum To ថាមានជនមិនស្គាល់មុខបានយកក្បាលវីសដែកដាក់ពង្រាយនៅតាមដងផ្លូវជាតិចំណុចចន្លោះភូមិព្រៃតូច និងភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាហេតុនាំបង្កឱ្យមុតកង់រថយន្តរបស់គាត់ជាច្រើនកន្លែងក្នុងខណៈដែលគាត់ធ្វើដំណើរឆ្លងកាត់ចំណុចនោះនាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

    ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានឱ្យធ្វើការទំនាក់ទំនងជាបន្ទាន់ទៅ អធិការនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ឱ្យចុះធ្វើការ ស្រាវជ្រាវជាបន្ទាន់នៅចំណុចកើតហេតុខាងលើ។

    ឆ្លងតាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលស្រុកបានពិនិត្យនិងរកឃើញនៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 262-263 ក្នុងភូមិកូនខ្លុង ឃុំព្រៃតូច បានរកឃើញ វីសដែកសរុបចំនួន៩៣គ្រាប់ (វីសពណ៌សចំនួន ៦៧ គ្រាប់ និង វីសពណ៌ក្រហម ចំនួន២៦គ្រាប់) ដែលនៅរាយប៉ាយលើផ្លូវជាតិ និងលើចិញ្ចើមផ្លូវ។

    តាមការពិនិត្យជាក់ស្តែង វីសទាំងអស់នេះ គឺមានស្ថានភាពដែកវីសថ្មី អាចជាករណីដែលអ្នកធ្វើដំណើរជ្រុះធ្លាក់ នៅទីនោះ ឬក៏អាចជាចេតនារបស់ជនណាមួយបោះចោលរាយប៉ាយ ដើម្បីនាំបង្កឱ្យមានការមុតធ្លាយមធ្យោបាយធ្វើដំណើរឆ្លងកាត់ចំណុចនេះ ក្នុងគោលបំណងណាមួយ។

    តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តម្រូវឱ្យអធិការនគរបាលស្រុកមោងឫស្សី ធ្វើការស្រាវជ្រាវស្វែងរកការពិតក្នុងករណីនេះ ប្រសិនបើរកឃើញថា ករណីនេះ ជាចេតនាទុច្ចរិតរបស់ជនណាមួយនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាព បែបនេះលើជននោះ។

    ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអរគុណចំពោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្សព្វផ្សាយនូវព័ត៌មាននេះ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកការពិត ហើយសូមអរគុណចំពោះមហាជនទូទៅដែលតែងតែចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលក្នុងការជួយផ្តល់នូវព័ត៌មាននានាទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមក។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម និងម្ចាស់គណនីហ្វេសប៊ុកខាងលើ មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: