លោកជំទាវ ឱ វណ្ណឌីន៖ សូមបងប្អូនកុំជឿនូវការឃោសនាបោកប្រាស់របស់ក្រុមអគតិមួយចំនួន ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅក្នុងឱកាសអញ្ជើញពិនិត្យមើលការងារចាក់វ៉ាក់សាំងនៅក្នុងខេត្តរតនគិរី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវជាថ្មីដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំជឿនូវការឃោសនាបោកប្រាស់ ដោយមានបំណងទុច្ចរិត របស់ក្រុមអគតិមួយចំនួន ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាយើង។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា៖ “ការមកពិនិត្យមើលការងារចាក់វ៉ាក់សាំងនៅខេត្តរតនគិរីនៅថ្ងៃនេះ យើងសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋយើងច្រើន មានទាំងកុមារា-កុមារី ជាពិសេសនោះគឺមានមនុស្សវ័យចំណាស់ បានបន្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយទឹកមុខញញឹម ដែលកត្តាទាំងនេះគឺជាចំណុចវិជ្ជមានមួយ ហើយក៏ជាចំណុចដែលអាចវាយបកទៅក្រុមអគតិមួយចំនួន ដែលតែងតែឃោសនាអកុសល មិនមានភាពច្បាស់លាស់ និងពិតប្រាកដ ពីការចាក់វ៉ាក់សាំង ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូចមានការយល់ច្រឡំ។ ដោយឡែកនៅថ្ងៃនេះផងដែរ យើងក៏បានបង្ហាញឱ្យឃើញថាការងារចាក់វ៉ាក់សាំងនៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយមិនថាតែខេត្តរតនគិរីនេះទេ ខេត្តដទៃទៀតក៏មានការចាក់វ៉ាក់សាំងទៅដល់ជណ្តើរផ្ទះរបស់ប្រជាពលរដ្ឋតែម្តង”។
បន្ថែមពីលើនេះ លោកជំទាវ បានបញ្ជាក់ថា៖ “នៅថ្ងៃនេះផងដែរយើងមានវត្តមានលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត (Foroogh Foyouzat) តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តនេះ ដែលបញ្ជាក់ឱ្យឃើញថាការងារចាក់វ៉ាក់សាំងនៅកម្ពុជា គឺជាការងារដែលអនុវត្តដោយពិតប្រាកដ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសុខាភិបាល របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយក៏ជាបង្ហាញដល់ប្រទេសដែលជាម្ចាស់ជំនួយរបស់យើងថា វ៉ាក់សាំងដែលគេជួយយើង គឺយើងយកមកប្រើប្រាស់ពិតប្រាកដមែន ដោយផ្តល់ទៅគ្រប់ប្រជាពលរដ្ឋទូទាំងប្រទេស”។
ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ គិតត្រឹមយប់ថ្ងៃ២០ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ១៤ ១២៨ ១៣៥ នាក់ នៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។ ជាមួយគ្នានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញវិញ សម្រេចចាក់បាន ៨ ១៤៩ ២០៤ នាក់ សម្រាប់ដូសទី៣ និងសម្រេចចាក់បាន ១ ២៥៣ ៤០៥ នាក់ សម្រាប់ដូសទី៤។
ចំពោះក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៧៨ ១២២ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៣៣ ៣២៥ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៧៨% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ដោយឡែក ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣១ ៤០៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦៦ ៨០៧ នាក់ ដែលស្មើនឹង ១០០.២២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ជាមួយគ្នានេះដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤៨ ៦៧៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៨០ ១១១ នាក់ ដែលស្មើនឹង ១០៧.៩៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៨១ ៦៥៣ នាក់ សម្រាប់ដូសទី១ និងចំនួន ៣០៣ ១១៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៥.៤១%។
សម្រាប់ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៣២៨ ៧៩៥ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ១៤៤ ៧៧៦ នាក់ ដែលស្មើនឹង ៥៣.៨៤% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជាសរុបរួម តួលេខនៃប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងនេះ ទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ ០៧៦ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖ – វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស – វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស – វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៤ ១០៩ ៥០០ ដូស – វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស – វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស – វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស
កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូសបន្ថែមទៀត រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី ១លានដូស និងវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ ហើយវ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រើប្រាស់ជាដូសជំរុញ៕

ប្រភព៖ ក្រសួងព័ត៌មាន