ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

    BY Khmernote Media April 22, 2022
    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

    កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែមេសា ។

    កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូន ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោ បាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើង វិញ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ច សហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

    សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទៅ កាន់ប្រទេសជប៉ុនលើកទី៤នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈ ប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ ខែមេសា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: