ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយចំពោះការលើកឡើងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រកាលពីព្រឹកមិញ ចូលក្រុងខុសម៉ោងកំណត់
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺថា ករណីរថយន្តធុនធំកុងតឺន័រ ដឹកទំនិញដែលបានបុកទ្រូងផ្លូវបែកជាពីរ នៅចំណុចមុខ KTV ផាតធីវើល ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនមែនចូលខុសម៉ោងនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាំងពីម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ គឺជាម៉ោងអនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូល រាជធានី ភ្នំពេញបាន។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារភ្លាម នៅវេលាម៉ោង០៥:៥៩នាទី មន្ត្រីជំនាញផ្នែកនគរបាលចរាចរណ៍ បានចុះវាស់វែងករណីគ្រោះថ្នាក់នេះ ដោយសាររថយន្តធំសមត្ថកិច្ចមិនទាន់យកចេញទៅណា។ សូមបញ្ជាក់ថា នៅលើផ្លូវ២៧១ គឺអនុញ្ញាតឲ្យរថយន្ត ធុនធំ ចេញចូលចាប់ពីម៉ោង០៩យប់ រហូតដល់ម៉ោង០៦ព្រឹក៕

