សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្តែតម្រូវឲ្យមានការពាក់ម៉ាសនៅតាមកន្លែងបិទជិតមួយចំនួន (មានវីដេអូ)
ព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោ បានធ្វើការណែនាំឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ ដោយសម្តេចតេជោចង់ឲ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅតាមទីធ្លាសាធារណៈ ប៉ុន្តែតម្រូវឲ្យមានការពាក់ម៉ាសនៅតាមកន្លែងបិទជិតមួយចំនួន។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ការពាក់ម៉ាសគឺជាការតម្រូវឲ្យប្រជាពលរដ្ឋរបស់យើងចំណាយយ៉ាងធំ ជួលកាលមិនហ៊ានទិញខោអាវឲ្យកូនចៅពាក់ទេ ប៉ុន្តែត្រូវទិញម៉ាសដើម្បីយកមករក្សាទុក ដើម្បីពាក់ម៉ាសជាកាតព្វកិច្ច។ សម្តេចតេជោ មានប្រសាសន៍ទៀតថា គ្រប់ភូមិសាស្ត្រទាំងអស់ គឺទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តថាត្រូវពាក់ម៉ាស ឬមិនពាក់ម៉ាស ក្នុងពេលដែលនៅក្រៅអាគារ នៅកន្លែងទីធ្លាសាធារណៈ ប៉ុន្តែចូលកន្លែងបិទជិត ដូចជាអាគាររដ្ឋាភិបាល នៅទីកន្លែងធ្វើការ នៅតាមក្រុមហ៊ុនដែលធ្វើការដោយមានម៉ាស៊ីនត្រជាក់ យើងគួរគប្បីឲ្យមានការពាក់ម៉ាសនៅតាមទីកន្លែងទាំងនោះ
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសមួយ ដោយសម្តេចតេជោបានប្រកាសយកវិធានការធ្វើយ៉ាងណាប្រជាពលរដ្ឋត្រូវមានវ៉ាក់សាំងយ៉ាងតិច៣ដូស ក្នុងខ្លួនគ្រប់ៗគ្នា ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍ឱ្យបានកាន់តែខ្ពស់ ក៏ដូចជា ឈានឆ្ពោះទៅរកការបន្ធូរបន្ថយទាំងស្រុង ឬមួយផ្នែកធំនៃវិធានការសុខាភិបាល និងងាយស្រួលទៅដល់ការបើកទាំងស្រុងដោយគ្មានការត្រឡប់ក្រោយនៃការបើកសេដ្ឋកិច្ច-សង្គម ឡើងវិញនោះ៕