ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ សម្ពោធបើកឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្រុងព្រះសីហនុ

    BY Khmernote Media April 27, 2022
    ក្រសួងសាធារណការ សម្ពោធបើកឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ណុប ហេង តំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី គ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋផងដែរ។

    ឯកឧត្តមអគ្គនាយក បានជម្រាបជូនផងដែរថា ទន្ទឹមជាមួយនឹងកម្មវិធីសម្ភោធដាក់ឱ្យដំណើការជាផ្លូវ ការមណ្ឌលផ្តល់សេវាសាធារណៈនាថ្ងៃនេះ ក្រសួងក៏មានកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី២ក្នុងចំណោមស្ថានីយចំនួនបួន ដែលជាជំនួយរបស់ អង្គការUNDP ជាផ្នែកមួយរបស់ក្រសួង ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

    ទន្ទឹមជាមួយគ្នានោះដែរ ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយឥតគិតថ្លៃរយៈពេល៥ឆ្នាំក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការUNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាង ស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុនKTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT​

    Share This Post: