អាជ្ញាធរជាតិអប្សរា ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយនិងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។
ក្រុមអ្នកជួសជុលត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីបរុញឬទាញដោយមនុស្សយ៉ាងតិចចំនួន១២នាក់ ជួយអូសផង ទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ប្រកបឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង។
ឯកឧត្ដមមានប្រសាសន៍បន្ថែមទៀតថា នេះជាលើកទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្សទទួលបានជោគជ័យដែលមិននឹកស្មានដល់ ពីព្រោះគេមិននឹកស្មានថាក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារនិងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕











