សុខៗក្រុមហ៊ុន Apple ចង់ផ្លាស់ប្ដូរការរក្សាទុកទិន្នន័យ iCloud ទៅប្រទេសចិនវិញ មានអីចុងក្រោយត្រូវគេប្ដឹងមិនចេះតិច
- March 1, 2018
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិច បាននឹងកំពុងផ្លាស់ប្ដូរទីតាំងនៃការរក្សាទុកទិន្នន័យគនណី iCloud ទាំងអស់ដែលបានចុះឈ្មោះហើយទៅក្នុងប្រទេសចិនវិញ ដើម្បីចាប់ផ្ដើមបើកដំណើរការសេវាកម្មថ្មីក្នុងប្រទេសនេះ ឲ្យសមស្របទៅនឹងអ្វីដែលក្រុមហ៊ុន Apple បានគ្រោងទុកអស់រយៈពេលជាយូរមកហើយ។

ដោយសារគម្រោងការផ្លាស់ប្ដូរនេះ អង្គការ Amnesty International បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើងចំពោះ iCloud គឺជាការប៉ះពាល់ផ្នែកច្បាប់របស់ប្រទេសចិនយ៉ាងខ្លាំង ព្រោះក្រុមហ៊ុន Apple បាននឹងកំពុងរំលោភលើការសន្យារបស់ខ្លួន ដែលធានាថា ការពារសិទ្ធិឯកជន និងសន្តិសុខរបស់អ្នកប្រើប្រាស់”។ ការរិះគន់នេះ ក៏បង្ហាញពីការផ្លាស់ប្តូររបស់ក្រុមហ៊ុនអន្តរជាតិសំខាន់ៗមួយចំនួនដើម្បីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំមួយ និងមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple ផងដែរ។
យោងតាមលោក Ronald Deibert នាយកនៃសាកលវិទ្យាល័យ Toronto ដែលសិក្សាពីបច្ចេកវិទ្យានេះ បានឲ្យដឹងថា កាលពីមុនប្រសិនបើអាជ្ញាធរចិនចង់ចូលប្រើទិន្នន័យអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Apple ពួកគេត្រូវឆ្លងកាត់នីតិវិធីច្បាប់អន្តរជាតិ និងគោរពតាមច្បាប់របស់សហរដ្ឋអាមេរិកចំពោះសិទ្ធិអ្នកប្រើប្រាស់ជាមុនសិន។ នេះគឺជាគោលនយោបាយឌីជីថល និងសិទ្ធិមនុស្ស។ ចំពោះក្រុមហ៊ុនដែលទទួលបន្ទុកប្រតិបត្តិការ iCloud របស់ក្រុមហ៊ុន Apple គឺក្រុមហ៊ុន Guizhou-Cloud Big Data (GCBD) ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលនៃខេត្តGuizhou។ ប៉ុន្ដែ ស្របពេលជាមួយនឹងបញ្ហាកើតមាននេះ ខាង GCBD សុំមិនបញ្ចេញយោបល់អ្វីឡើយ។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរនេះគឺផ្ដល់ផលប៉ះពាល់តែសម្រាប់គណនី iCloud ទាំងឡាយណាដែលទទួលបានការប្រើប្រាស់ក្នុងប្រទេសចិនប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បានធ្វើឲ្យមានការផ្លាស់ប្តូរ និងរំលោភលើបទបញ្ជាចុងក្រោយរបស់ប្រទេសចិនស្តីពីសេវាកម្ម Cloud។ ច្បាប់អ៊ីនថឺណេតដ៏ចម្រូងចម្រាសដែលបានចូលជាធរមានកាលពីខែមិថុនា កន្លងទៅនេះ បានទាមទារឲ្យក្រុមហ៊ុន Apple រក្សាទុកទិន្នន័យទាំងអស់នៅក្នុងប្រទេសខ្លួន ហើយរដ្ឋភិបាលទីក្រុងប៉េកាំងបានក៏បាននិយាយដែរថា វិធានការទាំងនេះគឺចាំបាច់ដើម្បីជួយទប់ស្កាត់ឧក្រិដ្ឋកម្ម និងភេរវកម្ម ហើយក៏ជួយក្នុងការការពារសិទ្ធិឯកជនរបស់ពលរដ្ឋចិនផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ហើយក្រុមហ៊ុន Amazon (AMZN) និងក្រុមហ៊ុន Microsoft (MSFT) ក៏បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីប្រតិបត្តិការសេវាកម្ម Cloud របស់ពួកគេនៅក្នុងប្រទេសនោះផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Apple បានលើកឡើងថា ខ្លួនបានធ្វើការតស៊ូមតិប្រឆាំងនឹង iCloud ដែលជាកម្មវត្ថុនៃច្បាប់ថ្មីនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ អ្នកនាំពាក្យក្រុមហ៊ុន Apple បានប្រាប់ទូរទស្សន៍ CNN ថា “ជម្រើសរបស់យើងគឺផ្តល់ជូន iCloud នៅក្រោមច្បាប់ថ្មី រឺបញ្ឈប់សេវាកម្ម” ប៉ុន្ដែ ក្រុមហ៊ុនបានសម្រេចចិត្តរក្សា iCloud នៅក្នុងប្រទេសចិន ព្រោះប្រសិបើបញ្ឈប់សេវាកម្ម នឹងបណ្តាលឲ្យអ្នកប្រើប្រាស់មិនទទួលបានបទពិសោធ ឯការរក្សាសុវត្ថិភាពទិន្នន័យក៏អាចនឹងមានបញ្ហាដូចគ្នាដែរ។
ក្រុមអ្នកការពារសិទិ្ធមនុស្សក៏បានគូសបញ្ជាក់ផងដែរពីតួនាទី និងក្រមសីលធម៌ដ៏លំបាកដែល Apple គ្រោងនឹងរៀបចំ iCloud ថ្មីនៅក្នុងប្រទេសចិន ហើយគោរពតាមច្បាប់គោលការណ៍ ព្រោះវាពិតជាមិនងាយស្រួលឡើយ។

Fu
ប្រភព៖ cnn
- Share This Post:






