ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផលបំប៉នសុខភាពទាំងនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media May 2, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផលបំប៉នសុខភាពទាំងនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់​ការចែកចាយ​ ឬ​លក់ផលិតផលបំប៉នសុខភាព​ SHEEP PLACENTA COMPLEX និង​GOLDEN ALASKA SEA FISH OIL ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

    ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ១.Usvita Shopping ២.Usvita កំពុងផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពឈ្មោះ ១.SHEEP PLACENTA COMPLEX ២.GOLDEN ALASKA DEEP SEA FISH OIL និងផលិតផលបំប៉នសុខភាពមួយចំនួនទៀតគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

    សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវមានពីរផ្នែក៖ ១.ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២.ផ្នែកខាងក្រោមមានលេខ បញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

    ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយ​មានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។

    ម្ចាស់់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬ ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាទាំងអស់ខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាទាំងអស់ខាងលើ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: