គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ជាង៧៣លានដូសហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់ សាំងកូវីដ១៩ ជាង ៧៣លានដូសហើយ ដែលក្នុងនោះជាង ៥៣លានដូសបានទទួលរួចរាល់ និងជាង២០លានដូស ទៀតនឹងមកដល់ជាបន្តបន្ទាប់។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត២លានដូស ដែលជាជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក តាមយន្តការកូវ៉ាក់(COVAX) ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តាមអភិក្រមផ្ការីក ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តផែនការជាតិ ស្តីពីយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ គោលការណ៍ណែនាំប្រតិបត្តិ សម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ និងពិធីសារស្តីពីយុទ្ធនា ការចាក់វ៉ាក់សាំងកូវីដ-១៩ ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងផែនការយុទ្ធសាស្ត្រ ស្តីពីយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានបង្កើតនូវភាពសុំាសហគមន៍ អាចឱ្យកម្ពុជាបើកឡើងវិញសេដ្ឋកិច្ច-សង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ។
ឯកឧត្តម បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសម្រេចបាន ៩៣.៣៨ភាគរយហើយ ធៀបនឹងប្រជាជនសរុប១៦ លាននាក់។ ប៉ុន្តែទោះបីជាប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ក៏សូមឱ្យប្រជាពលរដ្ឋគ្រប់រូបបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាបន្តទៀត។
ឯកឧត្តមបានបន្ថែមថា គិតមកដល់ពេលនេះ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ។ « រហូតមកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំង covid-19 ប្រមាណជា ៧៣ លានដូស រួមទាំងទ្វេភាគី រួមទាំងការផ្ដល់ជូនដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង ៥៣លានដូស ហើយហើយជាង ២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។ គិតត្រឹមខែមេសាឆ្នាំ២០២២ កម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងប្រមាណ៨ លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ» ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកូវ៉ាក់ ដែលជាយន្តការសកល ដឹកនាំដោយអង្គការ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ (UNICEF) បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូង ក្នុងការជំរុញឱ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន