កម្លាំងជំនាញស៊ីម៉ាក ប្រទះឃើញគ្រាប់បែកដែលជាសំណល់ពីសង្គ្រាមប្រភេទ AN-M66 ទម្ងន់ជិតមួយពាន់គីឡូក្រាម នៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។

គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិកនិងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។
តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។
សូមអរគុណឯ.ឧអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងអង្គភាពស៊ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព ដើម្បីកំលាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង ៕







ប្រភព៖ HENG Ratana