ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញក្រើនរំលឹកដល់ប្រជាពលរដ្ឋមុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹម ត្រូវចៀសវាងមានបញ្ហាដល់សុខភាព

    BY Khmernote Media May 6, 2022
    មន្ត្រីជំនាញក្រើនរំលឹកដល់ប្រជាពលរដ្ឋមុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹម ត្រូវចៀសវាងមានបញ្ហាដល់សុខភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញសុខាភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋ មុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹមត្រូវចៀស វាងមានបញ្ហាដល់សុខភាព ដោយសារតែឱសថមួយចំនួនមិនមានលេខប្រវេទន៍ឬបញ្ជិការដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះ។

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងច្រើន ហើយមួយចំនួនទៀតក៏មិនទាន់បានយល់ច្បាស់ពីបញ្ហាឱសថនេះនៅឡើយទេ ដូច្នេះ ហើយក្រសួងសុខាភិបាលមិនព្រងើយកន្តើយនោះឡើយ គឺតែងតែផ្សព្វផ្សាយនូវរាល់នូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យឱសថ។ មិនតែប៉ុណ្ណោះ ក្រសួងមានបង្កើតក្រុមការងារអធិការកិច្ច ក្រុមនគរបាលយុត្តិធម៌ សម្រាប់បំពេញភារកិច្ចត្រួតពិនិត្យនៅតាមទីផ្សារ ឱសថស្ថាន ឬកន្លែងចែកចាយឱសថ គ្រឿង សម្អាង និងបរិក្ខារពេទ្យ។

    លោកជំទាវ បានបន្តថា កន្លងមកក្រសួងបានរកឃើញផលិតផលមួយចំនួន ដែលគ្មានលេខបញ្ជីការឬលេខប្រវេទន៍នៅលើសម្បកវេចខ្ចប់ ហើយបានចេញផ្សាយជាបន្តបន្ទាប់ នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលផ្ទាល់តែម្ដង ដើម្បីឱ្យបងប្អូនបានជ្រួតជ្រាបពីផលិតផលដែលក្រសួងបានធ្វើតេស្តទៅមានបញ្ហាទៅដល់សុខភាព ដូច្នេះសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់និងបញ្ឈប់ការលក់ដូរជាបន្ទាន់ ព្រោះផលិតផលទាំងនោះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។

    « កិច្ចការនេះតម្រូវឱ្យមានការចូលរួមបន្ថែមទៀតពីអ្នកប្រើប្រាស់ ប្រសិនបើបងប្អូនប្រើប្រាស់ទៅឃើញថាផលិតផលណាមួយនោះ ដែលសង្ស័យ ដែលមិនមានភាពច្បាស់លាស់ ពីព្រោះផលិតផលបើមានការចុះបញ្ជីការមានការទទួលស្គាល់ដោយក្រសួង គឺមានការបិទ ម៉ាញែតត្រឹមត្រូវ អ៊ីចឹងបើសិនមានទាំងអស់នោះគឺមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលហើយ ប៉ុន្តែផលិតផលខ្លះមិនបានចុះបញ្ជិកាទេនោះអ៊ីចឹងសូមបងប្អូនចៀសវាងប្រើប្រាស់នូវផលិតផលដែលមិនមានការទទួល ស្គាល់ច្បាស់លាល់ពីក្រសួងសុខាភិបាល ហើយជាពិសេសទៀតនោះ នៅពេលដែលក្រសួងផ្សព្វផ្សាយចេញនូវផលិតផលណាមួយនោះ ព្រោះឥឡូវនេះមានចេញ ផ្សាយច្រើនដែរ ដែលយើងបានចេញផ្សាយនិងបានរកឃើញនៅពេលថ្មីៗនេះ ដើម្បីផ្សាយជូនទៅដល់បងប្អូនយើងឱ្យបានយល់អំពីផលិតផលណាដែលយើងគួរប្រើប្រាស់ ហើយផលិតផលណាដែលយើងគួរតែបញ្ឈប់នូវការប្រើប្រាស់» ។

    សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្មានលេខប្រវេទន៍ ឬបញ្ជីការ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: