ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃលើកដំបូងដែលកម្ពុជា ពុំមានករណីឆ្លងកូវីដ១៩ គឺសូន្យករណីតែម្ដង

    BY Khmernote Media May 8, 2022
    សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃលើកដំបូងដែលកម្ពុជា ពុំមានករណីឆ្លងកូវីដ១៩ គឺសូន្យករណីតែម្ដង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃលើកដំបូងដែលព្រះរាជាណាចក្រកម្ពុជា ពុំមានករណីឆ្លងកូវីដ១៩ គឺសូន្យករណីតែម្ដង ដែលនេះជាជោគជ័យដ៏ធំដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ១៩។

    ក្នុងសារសម្លេងនាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពេលនេះ ពិតមែនតែសម្ដេចកំពុងធ្វើការកាន់ទុក្ខ បន្ទាប់ពីមរណភាពរបស់បងប្រុសបង្កើតរបស់សម្ដេច ក៏ប៉ុន្តែសម្ដេចមិនភ្លេចជាមួយនឹងការតាមដាន ទៅលើការដឹកនាំការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ពុំមានករណីកូវីដ១៩ កើតឡើងនោះទេ។

    សម្ដេចតេជោគូសបញ្ជាក់ថា ថ្ងៃនេះ យើងពុំមានការឆ្លងសូម្បីមួយករណី គឺសូន្យករណី។ រឿងនេះបានកើតឡើង បន្ទាប់ពីការសាកល្បងដ៏ខ្លាំងមួយនៅក្នុងដំណាក់កាល នៃការបើកឱកាសឱ្យប្រជាជនបានដើរលេងក្នុងពិធីបុណ្យចូលឆ្នាំ ដែលជាការសាកល្បងបើកទូលាយដ៏ធំធេង ហើយដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកចូលរួមដើរលេងដ៏ច្រើនកុះករ។ សម្ដេចតេជោបន្តថា ដោយសារការខិតខំថែខ្លួនរបស់បងប្អូនជនរួមជាតិ ជាមួយនឹងកិច្ចខិតខំរបស់មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ខ្លួន យើងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ករណីឆ្លងមានត្រឹមមួយខ្ទង់ ហើយដែលក្នុងមួយថ្ងៃមាន០១ករណី ម្សិលមិញមាន០២ ឯថ្ងៃនេះមានសូន្យតែម្ដង។នេះគឺជាជោគជ័យដ៏ធំដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ១៩។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងចលនាប្រឆាំងកូវីដ១៩ ដែលធ្វើឱ្យអត្រាឆ្លងគឺមានការថយចុះជាលំដាប់ រហូតមកដល់ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ដែលយើងបានដើរដល់ចំណុចសូន្យ។ សម្ដេចតេជោលើកឡើងថា មិនប្រាកដទេថា ថ្ងៃស្អែកអាចនឹងមានការកើនឡើងវិញ ក៏ប៉ុន្តែយ៉ាងហោចណាស់ នៅថ្ងៃទី០៧ ខែឧសភា នេះ យើងពុំមានករណីឆ្លងសូម្បីតែមួយករណី។ ទោះបីយ៉ាងនេះក្ដី ក៏សម្ដេចតេជោនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារខ្លួនតទៅទៀត ជាមួយនឹងវិធានការសុខាភិបាលដែលបានដាក់ចេញកន្លងមក ហើយបើទោះបីជាលើកលែងកាតព្វកិច្ចពីការពាក់ម៉ាសក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស ការរក្សាគម្លាត ការលាងដៃ និងវិធានការសុខាភិបាលដទៃទៀតដែលត្រូវប្រកាន់យក ហើយជាពិសេសការយកវ៉ាក់សាំង ជាដូសជំរុញ ជាដូសទី៣ ដូសទី៤ ហើយដែលអាចនឹងឈានបន្តទៅរកដូសទី៥ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសពិនិត្យឃើញថា ដល់ពេលដែលត្រូវចាក់ដូសទី៥។

    សម្ដេចតេជោបានបន្តទៀតថា សម្ដេចពិតជាមានមោទកភាពចំពោះជនរួមជាតិ ដែលរួបរួមគ្នាជុំវិញព្រះមហាក្សត្រ ជុំវិញនីតិប្បញ្ញត្តិ ជុំវិញនីតិប្រតិបត្តិ គឺជុំវិញរាជរដ្ឋាភិបាល ប្រយុទ្ធយកឈ្នះនៅក្នុងគ្រាដ៏លំបាក ហើយសម្ដេចក៏សូមអរគុណចំពោះប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងចំពោះកម្ពុជា ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ វ៉ាក់សាំងបានផ្ដល់ឱកាសសម្រាប់យើងទាំងអស់គ្នា ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋរបស់យើងអាចបង្កបង្កើនផល និងការរកស៊ីធម្មតាឡើងវិញ ជាមួយនឹងការរៀនរស់ជាមួយកូវីដ១៩តាមគន្លងថ្មី។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណជាថ្មីផងដែរចំពោះក្រុមគ្រូពេទ្យ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសបងប្អូនជនរួមជាតិដោយផ្ទាល់តែម្ដង ដែលបានចូលរួមសហការ និងការការពារខ្លួនឯង ហើយដែលធ្វើឱ្យជំងឺឆ្លងដ៏កាចសាហាវដែលបានឆក់យកជីវិតប្រជាជនយើងជាង ៣ ០០០នាក់ និងឆ្លងជាង ១៣ម៉ឺននាក់ មកដល់ពេលនេះធ្លាក់ដល់កម្រិតសូន្យ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: