អបអរសាទរ! ស្ថាបត្យករសាងសង់រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម លី រស្មី ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម លី រស្មី គឺស្ថាបត្យករដែលសាងសង់រូបសំណាក «ព្រះថោងនាងនាគ» និងជាអតីតអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់មានទម្ងន់ ៦០ តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦ ម៉ែត្រ នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។ រូបសំណាក«ព្រះថោងនាងនាគ» បានប្រារព្ធធ្វើពិធីអភិសេកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕

