ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុចំនួន ១៤៦កេសជូនអាជ្ញាធរជាតិអប្សរា

    BY Khmernote Media May 12, 2022
    សាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុចំនួន ១៤៦កេសជូនអាជ្ញាធរជាតិអប្សរា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន ១៤៦កេសកំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំងជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ បុរាណវត្ថុទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។

    លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានលើកឡើងថា នេះពុំមែនជាលើកទី១ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះ មានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។

    លោកបានមានលើកបន្ថែមទៀតថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវ នៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែក ក្នុងករណីស្ថាប័នអន្តរជាតិដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។ បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ល។

    គួរបញ្ជាក់ផងដែរថា ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ (១០៤៩-១០៦៦) នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លាដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: