ព័ត៌មានជាតិ

អ្នកម្នាងនរោត្តម ឌួង ឌីយ៉ាត ត្រូវជាជីដូនបង្កើតរបស់ព្រះនាងតូច នរោត្តម ជេនណា បានទទួលមរណភាព ដោយរោគាពាធ

BY
Khmernote Media
May 12, 2022

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ព្រះនាងតូច នរោត្តម ជេនណា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា «មរណភាពនៃជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​។ ខ្ញុំ​ និងព្រះមាតាខ្ញុំ​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មានសេចក្តីរំជួលចិត្ត​រន្ធត់ក្តុកក្តួលជាពន់ពេកណាស់​ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំបានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។

ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ​ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអេីយ​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​»។

គួរបញ្ជាក់ផងដែរថា សពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានមកដល់វត្តបុទុមវត្ថី នៅវេលាម៉ោង ១១:០០ អាធ្រាត ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយសពរបស់អ្នកម្នាង នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវត្ថី៕

រូបភាព៖ ហ្វេសប៊ុក Jenna Norodom និង ព្រះសុរិយារាជ

Share This Post: