អបអរសាទរ! ថ្ងៃនេះ រាជរដ្ឋាភិបាលប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានប្រកាសថា ខេត្តព្រៃវែង ជាខេត្តអស់មីន ហើយនេះគឺជាថ្ងៃប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជនខេត្តព្រៃវែងប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរខេត្តព្រៃវែង ជាខេត្តអស់មីន។

ការប្រកាសនេះ ក្នុងពិធីអបអរសាទរការប្រកាសខេត្ដព្រៃវែង ជាខេត្ដអស់មីន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជុំវិញខេត្ត ក្រោមការជួយគាំទ្រពីសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និងប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងអំណរចំពោះរដ្ឋបាលខេត្តព្រៃវែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ឱ្យអស់ពីខេត្តព្រៃវែង។ ឯកឧត្ដមបានលើកឡើងថា ទោះបីខេត្តព្រៃវែង ត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែខេត្តព្រៃវែង នៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត លើផ្ទៃដីប្រមាណ ១៦៤ គីឡូម៉ែត្រក្រឡា សរុប ១ ២៩៨ ចម្ការគ្រាប់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនខេត្តព្រៃវែង ឯកឧត្ដមទេសរដ្ឋមន្រ្ដីសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយ ឈ្នះ ឈ្នះ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាងថា ការបញ្ចប់សង្គ្រាមនេះ បានបើកទ្វារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការគំរាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។
ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវែស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
ជាមួយនឹងការបន្តកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្កមទេសរដ្ឋមន្រ្ដី លី ធុជ បានបញ្ជាក់បន្ថែមថា អាជ្ញាធរមីន បាននិងកំពុងពិចារណា និងពិនិត្យលទ្ធភាពស្វែងរកដៃគូ និងសប្បុរជននានា ដើម្បីធ្វើការបោសសម្អាតមីនឱ្យអស់ដែលបានដឹងលើខេត្តចំនួន ០៥ ដែលមានប៉ះពាល់តិចជាងគេ រួមមាន ៖ ១. ខេត្តកំពង់ចាម មានផ្ទៃដី ៩៨ ហិកតា ២. ខេត្តព្រះសីហនុ មានផ្ទៃដី ១៧៤ ហិកតា ៣. ខេត្តរតនគិរី មានផ្ទៃដី ២៧៥ ហិកតា ៤. ខេត្តកំពង់ឆ្នាំង មានផ្ទៃដី ៣២៨ ហិកតា និង៥. ខេត្តតាកែវ មានផ្ទៃដី ៣៦៣ ហិកតា៕




ប្រភព៖ ក្រសួងព័ត៌មាន