រំលងតែ២ថ្ងៃ អគ្គិភ័យបានបំផ្លាញផ្ទះពលរដ្ឋនៅក្រុងច្បារមន និងឃុំត្រែងត្រយឹងជាបន្ដបន្ទាប់ អស់ផ្ទះជាច្រើនខ្នង
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុងច្បារមននាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣៖៥០នាទី មានករណីគ្រោះអគិ្គភ័យឆេះផ្ទះពលរដ្ឋឈ្មោះកៅ ផេង ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

-ករណីអគ្គិភ័យបណ្ដាលឲ្យខូចខាត ផ្ទះ ០១ល្វែង ធ្វើអំពីថ្មមានទំហំ ៥ម៉ែត្រx៥០ម៉ែត្រ កំពស់ពីរជាន់។ ទីតាំងខាងលើមានមុខរបរលក់សំបកកង់ម៉ូតូគ្រឿងបន្លាស់ម៉ូតូប្រេងម៉ាស៊ីន។ ក្នុងករណីខាងលើមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេតែបានបំផ្លាញឆេះផ្ទះទាំងស្រុង។ តាមការបញ្ជាក់ពីមូលដ្ឋាននិងជំនាញ មិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យឆេះផ្ទះនៅឡើយទេ។
ក្នុងកិច្ចប្រតិបត្តិការខាងលើប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០៩គ្រឿង ក្នុងនោះនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង រួមជាមួយកិច្ចសហការពីខេត្តកណ្ដាលស្រុកអង្គស្នួល កងរាជអាវុធហត្ថខេត្ត និងស្ថានីយ៍ប្រេងឥន្ធនៈអ៊ឹងឈុនទ្រី។
សូមបញ្ជាក់ថា៖
-នៅឃុំត្រែងត្រយឹងអគ្គិភ័យឆេះបំផ្លាញអស់១៤ខ្នងផ្ទះយប់ថៃ្ង២១ ខែឧសភា ឆ្នាំ២០២២។
-នៅសង្កាត់រការធំអគ្គិភ័យឆាបឆេះផ្ទះថ្ម ១ល្វែង កំពស់ ២ជាន់ គ្រឿងបន្លាស់ម៉ូតូគ្រប់ប្រភេទយប់ថៃ្ង២៤ ខែឧសភា ឆ្នាំ២០២២ ៕










