លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ជំងឺអុតស្វាអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិតបាន
- BY
- srey nuch
- May 26, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីជំងឺអុតស្វាអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិតបាន។
នៅក្នុងកិច្ចសម្ភាសន៍តាមរយៈ BTV លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ ការផ្ទុះចេញ និងការកើនឡើងនូវជំងឺអុតស្វា (Monkeypox) នេះ គឺវាមិនមែនជាជំងឺអុតស្វាយ ហើយក៏មិនមែនជាជំងឺកញ្ជ្រិលនោះទេ។ ជំងឺអុតស្វា (Monkeypox) គឺមានលក្ខណៈជាពងទឹកគ្រាប់ធំៗ កើតមានឡើងនៅលើមុខ នៅលើបាតដៃ ហើយនិងជើងភាគច្រើន សម្រាប់ជំងឺអុតស្វាយនៅក្នុងប្រទេសកម្ពុជាយើងគឺមិនមែនជាប្រភេទជំងឺដែលគួរបារម្ភអ្វីឡើយ ព្រោះថានូវពេលជំងឺអុតស្វាយកើតហើយ ក៏ឆាប់បាត់ទៅវិញក្នុងអំឡុង ២-៣សប្តាហ៍គឺបាត់ទៅវិញហើយ។ ជំងឺអុតស្វា (Monkeypox) តាមការសិក្សាស្រាវជ្រាវ គេសង្កេតឃើញថា ក្នុងចំណោមមនុស្ស ១០នាក់ គឺមានមនុស្ស ០១នាក់បាត់បង់ជីវិត ដោយសារស្ថានភាពនៃដំបៅ ដែលអាចវិវត្ត បង្កអោយមានការក្លាយរោគនៅក្នុងខ្លួនរបស់មនុស្ស ហើយវាអាចប៉ះពាល់សេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់មនុស្សយើងនេះ នៅណាដែលយើងធ្វេសប្រហែស មិនយកចិត្តទុកដាក់ ចឹងវាក៏បង្កឲ្យមានស្ថានភាពធ្ងន់ រហូតទៅដល់ស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានចេញសារលិខិតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយមកទល់ពេលនេះកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារនិងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទដែលអាចកើតមានឡើងជាយថាហេតុ ៕ មានវីដេអូ៖
- Share This Post: